មនុស្សស្លាប់កើនដល់ ១៣នាក់ ក្នុងអគ្គិភ័យឆាបឆេះក្លឹបរាត្រីនៅអេស្ប៉ាញ
ម៉ាឌ្រីដ៖ អាជ្ញាធរបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ១៣នាក់បានស្លាប់ ដោយសារអគ្គិភ័យលេបត្របាក់ក្លឹបរាត្រីមួយកន្លែងនៅភាគអាគ្នេយ៍នៃទីក្រុង Murcia នៅព្រឹកថ្ងៃអាទិត្យទី១ ខែតុលា (ម៉ោងក្នុងតំបន់) ខណៈដែលមានការព្រួយបារម្ភថា ចំនួនអ្នកស្លាប់ទំនងជាកើនឡើងបន្ថែមទៀត។
សេវាកម្មសង្គ្រោះបន្ទាន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា រថយន្តពន្លត់អគ្គិភ័យ ៤០គ្រឿង និងរថយន្តសង្គ្រោះបន្ទាន់ ១២គ្រឿងត្រូវបានបញ្ជូនទៅកាន់ទីតាំងកើតហេតុ។ ក្រុមអ្នកជួយសង្គ្រោះបានចូលទៅពន្លត់អគ្គិភ័យនៅក្នុងអគារ បន្ទាប់ពីត្រូវបានជូនដំណឹងជាលើកដំបូងនៅម៉ោង ៦ព្រឹក (ម៉ោងក្នុងតំបន់) ថា មានអគ្គីភ័យបានឆាបឆេះនៅក្នុងក្លឹបរាត្រី Teatre។
គិតមកទល់ពេលនេះ អាជ្ញាធរនៅពុំទាន់ដឹង ថាតើអគ្គិភ័យនេះកើតឡើងដោយសារអ្វីនោះទេ។ ទន្ទឹមគ្នា សាលាក្រុង Murcia បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះឧបទ្ទវហេតុនេះ និងបានចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ។
នៅក្នុងហេតុការណ៍នេះដែរ ក៏មានមនុស្ស ៤នាក់ទៀតរងរបួសផងដែរ ក្នុងនោះមានស្ត្រី ២នាក់អាយុ ២២ឆ្នាំ និង ២៥ឆ្នាំ ហើយបុរស ២នាក់ទៀតមានអាយុស្ទង់ ៤០ឆ្នាំ ដែលសុទ្ធតែរងផលប៉ះពាល់ដោយសារស្រូបផ្សែង។ ស្របពេលជាមួយគ្នានេះដែរ អភិបាលក្រុង Murcia លោក Jose Ballesta បានប្រកាសកាន់ទុក្ខរយៈពេលបីថ្ងៃ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


