ថវិការប្រមាណ៦០-៧០លានដុល្លា នឹងត្រូវយកទៅសាងសង់ ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រនិងព្រះពុទ្ធប្បដិមា៨ម៉ឺន៤ពាន់អង្គទៀតនៅលើភ្នំបូកគោ

កំពត៖ គម្រោងទាំងមូលនឹងប្រើពេលសាងសង់ពី៣ទៅ៤ឆ្នាំ ទើបរួចរាល់ ប្រជាពលរដ្ឋនឹងទទួលបានសមិទ្ធផលនៃវិស័យព្រះពុទ្ធសាសនា ចំណែកភ្ញៀវទេសចរណ៍ក៏រំពឹងថានឹងមកលេងច្រើនផងដែរ។
ស្ថាបត្យករក្រុមហ៊ុនសុខាគ្រុបបានបញ្ជាក់ថា គម្រោងកសាងព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រនៅលើខ្នងភ្នំបូកគោត្រង់ចំណុចវាលស្រែ៥០០ត្រូវបានពង្រីកដោយគ្រោងកសាងព្រះពុទ្ធប្បដិមាអង្គតូៗចំនួន៨ម៉ឺន៤ពាន់អង្គបន្ថែមទៀត សម្រាប់តម្កល់នៅលើជញ្ជាំងផ្នែកខាងក្នុងនៃខឿនក្រោមបល្ល័ង្កព្រះពុទ្ធប្បដិមាអង្គធំកម្ពស់១០៨ម៉ែត្រ។
នៅដើមខែតុលា ឆ្នាំ២០២៣ ព្រះសង្ឃ ពុទ្ធបរិស័ទ និងភ្ញៀវទេសចរ ជាច្រើន អង្គ/នាក់ បាននិមន្តនិងអញ្ជើញមកពី ២៥ រាជធានី-ខេត្ត ជាហូរហែរ ដើម្បីប្រារព្ធពិធីបុណ្យផ្សេងៗតាមប្រពៃណី ទៅលើកំពូលភ្នំបូកគោ នាចំណុចវាលស្រែ៥០០ ដើម្បីប្រមូលបច្ច័យចូលរួមកសាងព្រះពុទ្ធប្បដិមាករ ម្ពស់១០៨ម៉ែត្រដែលកំពុងបន្តសាងសង់នៅលើខ្នងភ្នំបូកគោ។
បើតាម លោក អ៊ុន ចាន់ណារើន ស្ថានបត្យករ បញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនសុខាគ្រុប បានយកចិត្តទុកដាក់ និង ពង្រីកគម្រោងកសាងព្រះពុទ្ធបដិមារនេះ ឲ្យកាន់តែទាក់ទាញ និងមានអត្ថន័យគ្រប់ជ្រុងជ្រោយតាមប្រវត្តិ និងខ្លឹមសាររបស់សាសនាព្រះពុទ្ធ។ បច្ចុប្បន្ន ក្រុមហ៊ុនផ្ដួចផ្ដើមកសាងព្រះពុទ្ធបដិមាអង្គតូចៗចំនួន ៨៤០០០អង្គ ដោយយោងទៅតាមព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ ទាំង៨៤០០០ព្រះធម្មក្ខន្ធ សម្រាប់តម្កល់នៅលើជញ្ជាំងផ្នែកខាងក្នុងនៃខឿនក្រោមបល្ល័ង្កព្រះពុទ្ធប្បដិមាអង្គធំកម្ពស់១០៨ម៉ែត្រ។
គម្រោងនេះ មានចក្ខុវិស័យ ធ្វើអោយព្រះពុទ្ធប្បដិមាដ៏ធំនេះ ខ្ពស់ជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងស្ថិតក្នុងចំណោមព្រះពុទ្ធប្បដិមាខ្ពស់ៗនៅលើពិភពលោក និង រក្សានូវអត្តសញ្ញាណ និងសាសនាជាតិ ព្រោះព្រះពុទ្ធប្បដិមាទាំងនោះនឹងគង់នៅជាសម្បត្តិវប្បធម៌ជាតិ ជាទីសក្ការ:ដ៏ឧត្តុងឧត្តមរបស់ពុទ្ធសាសនិកជនទាំងអស់គ្នា និងទុកជាស្នាដៃនៃកេរ្តិ៍មរកត ដល់កូនចៅជំនាន់ក្រោយ។
ព្រះពុទ្ធបដិមាកម្ពស់១០៨ម៉ែត្រមានទម្រង់ជាព្រះពុទ្ធមារវិជ័យ ឬផ្ចាញ់មារ ទៅតាមរចនាប័ទ្មបាយ័នជា រចនាប័ទ្មកំពូល នៃព្រះពុទ្ធសាសនាក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី៧ នាសតវត្សរ៍ទី១៣ និងសាងសង់ពី បេតុងអាម៉េពណ៌មាសបែរព្រះភក្ត្រទៅទិសខាងកើត បច្ចុប្បន្នសម្រេចការសាងសង់រង្វង់៣០%ហើយ៕ ដោយសិលា សារិន

ads banner