ក្រសួងសាធារណការ ចេញសេចក្ដីណែនាំ អោយចូលរួមសហការគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន
ភ្នំពេញ៖ សេចក្តីណែនាំដែលមាន ៩ចំណុច បានជំរុញអោយភាគីពាក់ព័ន្ធ មានការប្រុងប្រយ័ត្ន និងឆ្លើយតបគ្រោះមហន្តរាយដែលកើតឡើងជាយថាហេតុ ពិសេសត្រៀមកំលាំងដើម្បីធានានិរន្តរភាពចរាចរណ៍ ក្នុងករណីត្រូវកាត់ផ្តាច់ផ្លូវភ្លាមៗដោយសារជំនន់ទឹកភ្លៀង។
ក្នុងរដូវវស្សាឆ្នាំ២០២៣នេះ ស្ថានភាពទឹកភ្លៀងបានចាប់ផ្តើមធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ អំពីបរិមាណជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ ដែលកម្ពស់ទឹក អាចនឹងហក់ឡើងខ្ពស់ និងអាចបង្កឱ្យមានផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ ផលដំណាំផ្សេងៗ និង ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ដែលតម្រូវឱ្យមានវិធានការឆ្លើយតបឱ្យបានហ្មត់ចត់ និងទាន់ពេលវេលា ដើម្បីទប់ទល់ និងគ្រប់គ្រងហានិភ័យផ្សេងៗ ដែលអាចនឹងកើតមានឡើងជាយថាហេតុ។
ដើម្បីឆ្លើយតបនឹងបញ្ហាខាងលើនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការណែនាំ ដល់ក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរបស់ក្រសួង អគ្គនាយកដ្ឋានសាធារណការ អគ្គនាយកដ្ឋានបច្ចេកទេស អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី-ខេត្ត ព្រមទាំងអង្គភាព ពាក់ព័ន្ធ ត្រូវរៀបចំមធ្យោបាយ សម្ភារ និងធនធានមនុស្សឱ្យបានសមស្រប ដើម្បីត្រៀមបង្ការឆ្លើយតបទៅនឹង គ្រោះមហន្តរាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕ ដោយ ថេត វិចិត្រ+ ហេង សម្បត្តិ

