ឯកឧត្តម ថោង ខុន ណែនាំគណៈកម្មការទូក ង ធ្វើការជួសជុល កែលម្អឡើងវិញ និងត្រៀមក្រុមកីឡាករ ហ្វឹកហាត់ ចូលរួមការប្រកួតក្នុងពិធីបុណ្យអុំទូក ឆ្នាំ២០២៣នេះ

កំពង់ធំ៖ ក្នុងពិធីសំណេះសំណាល និងពិនិត្យទូក ង ២គ្រឿង ដែលមានឈ្មោះ «ធនស័ក្តិតេជោសែន បារមីវត្តបាណក» និងទូក ង «ចតុលោកតេជោសែនជ័យ» របស់ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ឯកឧត្តម ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ និងស្រុកតាំងគោក បានណែនាំឱ្យគណៈកម្មការទូក ង ទាំងពីរ ធ្វើការជួសជុល កែលម្អឡើងវិញ និងជ្រើសរើសក្រុមកីឡាករ ដើម្បីហ្វឹកហាត់ត្រៀមចូលរួមការប្រកួតក្នុងពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ ឆ្នាំ២០២៣នេះ ដែលនឹងរៀបចំឡើង នៅថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។

គួរជម្រាបថា នៅក្នុងស្រុកបារាយណ៍មានទូកងទាំង ២គ្រឿងនេះ ដែលសុទ្ធតែជាទូកងល្បីៗ និងធ្លាប់រក្សាចំណាត់ថ្នាក់ផែនលេខ១ ក្នុងការប្រកួតជាហូរហែ ក្នុងនោះរួមមាន៖
ទូក ង ធនស័ក្តិតេជោសែនជ័យ បារមីវត្តបាណក បានចូលរួមប្រកួតក្នុងពិធីបុណ្យអុំទូក ជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០១៩ ដោយធ្លាប់ទទួលបានជ័យលាភីលេខ១ ក្នុងប្រភេទទូក ង លំដាប់ថ្នាក់ពិសេស នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ ។
សម្រាប់ទូក ង «ចតុលោកតេជោសែនជ័យ» បានចូលរួមការប្រកួតជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១៩ ដោយរក្សាបានចំណាត់ថ្នាក់ផែនលេខ១ និងទទួលបានចំណាត់ថ្នាក់លេខ ១៤ទូទាំងប្រទេស ក្នុងផែនលេខ១ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន ក៏បានណែនាំឱ្យគណៈកម្មការទូកងទាំង២ ត្រូវចាត់ចែងការជួសជុលទូកងទាំងពីរនេះទៅតាមបច្ចេកទេសឱ្យបានសមស្រប លាបថ្នាំពណ៌ និងរចនាក្បូរក្បាច់ឡើងវិញទៅតាមរចនាបទបុរាណខ្មែរ ព្រមទាំងត្រួតពិនិត្យលើភាពរឹងមាំ សុវត្ថិភាព និងត្រូវត្រៀមសម្ភារៈសម្រាប់អុំឱ្យបានគ្រប់គ្រាន់ សំដៅធ្វើយ៉ាងណា ឱ្យទូកទាំង២នេះអាចចូលរួមប្រកួតប្រជែងបាន។

ឯកឧត្តម ថោង ខុន ក៏បានជំរុញឱ្យក្រុមកីឡាករ ទូក ង ទាំង២ ត្រូវខិតខំហ្វឹកហាត់បន្ថែមឱ្យបានជាប់ជាប្រចាំ ដោយគិតចាប់ពីពេលនេះរហូតទៅដល់ថ្ងៃព្រះរាជពិធីបុណ្យអុំទូក នាខែវិច្ឆិកា ខាងមុខ និងខិតខំឱ្យទទួលបានជោគជ័យ ហើយនៅពេលចូលប្រកួតត្រូវគោរពតាមបទបញ្ជាររបស់គណៈកម្មការទូក និងត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ សុជីវធម៌ និងស្មារតីសាមគ្គីជានិច្ច។ ឯកឧត្តមបណ្ឌិតក៏បានឧបត្ថម្ភដល់ក្រុមកីឡាករ និងអ្នកចូលរួមចំនួន ២០០នាក់ ក្នុងម្នាក់ៗទទួលបានថ្នាំពេទ្យធីហ្វី ៣បន្ទះ និងថវិកាមួយចំនួនផងដែរ ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner