សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្ដែងការសោកស្ដាយចំពោះអ្នកវិភាគមួយចំនួនតូច ដែលរកតែចំណុចរិះគន់ និងនិយាយអាក្រក់ពីកម្ពុជា

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការសោកស្ដាយចំពោះអ្នកវិភាគនៅក្រៅប្រទេសមួយចំនួនតូច ដែលអង្គុយរកតែចំណុចណាមួយ ដើម្បីរិះគន់ និងនិយាយអាក្រក់ពីប្រទេសកម្ពុជា ដែលឥរិយាបថនេះ មិនត្រឹមតែមិនបានជួយលើកមុខមាត់ប្រទេសជាតិនោះទេ ប៉ុន្ដែបែជាធ្វើឱ្យអាប់ឱនដល់មុខមាត់ប្រទេសជាតិទៅវិញ។ សម្ដេចធិបតី សង្ស័យថា ក្រុមអ្នកវិភាគមួយចំនួន មិនហ៊ាននិយាយសរសើរពីសមិទ្ធផលរបស់កម្ពុជា ព្រោះខ្លាចគេនិយាយថា លក់ក្បាល ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ កម្ពុជា បានលើកឡើងដូច្នេះបន្ទាប់ពីមានការបង្អាប់ពីអ្នកវិភាគក្រៅប្រទេស ថា សម្តេចធិបតីអញ្ជើញទៅអាមេរិក ជួបតែក្រុមអន់ៗ មិនដូចនាយករដ្ឋមន្រ្តីថៃ ជួបជាមួយមហាសេដ្ឋី អ៊ីឡុន ម៉ាស់ ។

ក្នុងឱកាសសំណេះសំណាលជាមួយកម្មករ និយោជិតរោងចក្រ សហគ្រាស ចំនួន ១៨ ០៩៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន២២ ដែលមានមូលដ្ឋាននៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សូមកុំបង្អាប់ខ្ញុំពេក សូមមើលឲ្យបានគ្រប់ជ្រុងជ្រោយ សូមឲ្យមានសច្ចធម៌ផង ។ សម្តេច ថា ខ្ញុំមិនបានជួប មហាសេដ្ឋី អ៊ីឡុន ម៉ាស់ តែខ្ញុំបានជួបជាមួយមហាសេដ្ឋី ក្រុមហ៊ុនអាមេរិកប្រមាណ ៥៨ក្រុមហ៊ុន សុទ្ធសឹងតែជាក្រុមហ៊ុនធំៗ ដើម្បីទាក់ទាញមកវិនិយោគនៅកម្ពុជា ផ្តល់ការងារឲ្យពលរដ្ឋ ។ សម្តេចធិបតី បានបញ្ជាក់ថា ម៉េចមិនមើលឲ្យគ្រប់ជ្រុងជ្រោយផង ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈវេទិការធុរកិច្ចកម្ពុជា អាមេរិកនៅសហរដ្ឋអាមេរិកនោះ គឺយើងបានទាក់ទាញអ្នកវិនិយោគអាមេរិកមកកម្ពុជានាពេលខាងមុខ ។

សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា នៅពេលខាងមុខនេះ នឹងមានក្រុមហ៊ុនអាមេរិកជាច្រើនមកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីឱកាសនិងសក្តានុពលវិនិយោគបន្ថែមនៅកម្ពុជា ។ នេះជាផ្លែផ្កាមួយរបស់សម្តេច ដែលបានជួបក្រុមហ៊ុនធំៗជាច្រើនរបស់សហរដ្ឋអាមេរិក នៅក្នុងអំឡុងពេលសម្តេច ដឹកនាំគណប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូយក សហរដ្ឋអាមេរិក ៕


អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner