សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីហួសចិត្តការរិះគន់របស់ក្រុមប្រឆាំង (Video Inside)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងហួសចិត្តចំពោះការរិះគន់របស់ក្រុមប្រឆាំងនៅក្រៅស្រុក ដែលបន្តការចូលចិត្តនិយាយបង្អាប់កិត្តិយសជាតិខ្មែរ និងការលើកតម្កើងជាតិសាសន៍ដទៃ។

សម្តេចធិបតី ក្នុងប្រសាសន៍ជួបសំណេះសំណាលកម្មករខ្មែរជិត ២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៣ តុលា ឆ្នាំ២០២៣ បានបង្ហាញការហួសចិត្តដែលក្រុមប្រឆាំងនៅក្រៅស្រុក បានប្រៀបធៀបការជួបរបស់សម្តេចធិបតីជាមួយនឹងពលរដ្ឋខ្មែរប្រមាណជាង ២ពាន់ ៥០០នាក់ ក្នុងក្រុងញូយ៉ក សហរដ្ឋអាមេរិកកន្លងមកនេះ ជាមនុស្សឥតប្រយោជន៍។ ក្រុមប្រឆាំងបានហៅពលរដ្ឋខ្មែរនៅក្រៅស្រុកនោះថាជា «ក្រុមកន្ថោរ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ក្រុមប្រឆាំងនៅក្រៅស្រុកវិញថា សូមកុំមើលងាយមនុស្ស ជាពិសេសពលរដ្ឋខ្មែរដែលរស់នៅបរទេស។ សម្តេចបញ្ជាក់ថាពលរដ្ឋខ្មែរទាំងជាង ២ពាន់ ៥០០នាក់នោះ មិនមែនជា «ក្រុមកន្ថោរ» ដូចដែលពួកគេបានមើលងាយនោះទេ។

សម្តេចធិបតីហួសចិត្តនឹងការធ្វើគថ្លង់ និងខ្វាក់ភ្នែករបស់ក្រុមប្រឆាំង នូវរូបភាពល្អនានា ដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបានធ្វើនៅក្រៅប្រទេស ប៉ុន្តែបែរជាចូលចិត្តផ្សាយរូបភាព និងអ្វីមិនពិត ក្នុងបំណងមួលបង្កាច់បង្ខូចកិត្តិយសជាតិខ្មែររបស់ខ្លួននៅខាងក្រៅប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញការហួសចិត្តថែមទៀត ដល់ក្រុមប្រឆាំងនៅក្រៅស្រុក ដែលតែងធ្វើការដៀលដល់អ្នកទាំងឡាយណា ដែលនិយាយបង្ហាញភាពល្អរបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចធិបតី បានលើកឡើងដូចជាករណីអ្នកដែលបានជួយពន្យល់អំពីរឿងយល់ច្រឡំ នៃបញ្ហាពន្ធដារកន្លងមក។

សម្តេចធិបតីនៅបានសម្តែងក្តីហួសចិត្តចំពោះស្ត្រីម្នាក់ ដែលបានចូលរួមធ្វើបាតុកម្មប្រឆាំង នៅមុខទីស្នាក់ការអគារសហប្រជាជាតិ ដែលមាត់និយាយអំពីវប្បធម៌សន្ទនា ប៉ុន្តែសម្តីរបស់ស្ត្រីប្រឆាំងម្នាក់នោះ បានប្រើសម្តីជេរប្រមាថកប់មាត់ ដាក់មកលើសម្តេច និងក្រុមគ្រួសារត្រកូលហ៊ុន។

ads banner