United Airline បញ្ជាទិញយន្តហោះថ្មីសរុប ១១០គ្រឿងពីក្រុមហ៊ុន Boeing និង Airbus ក្នុងតម្លៃ ២២.៤ពាន់លានដុល្លារ
ញូវយ៉ក៖ ក្រុមហ៊ុន United Airlines បានប្រកាសនៅថ្ងៃទី៣ ខែតុលាថា ខ្លួនបានបញ្ជាទិញយន្តហោះថ្មីសរុបចំនួន ១១០គ្រឿងពីក្រុមហ៊ុន Boeing និង Airbus បូករួមទាំងជម្រើសបញ្ជាទិញ ៩០គ្រឿងបន្ថែមទៀត នៅក្នុងកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដើម្បីបង្ហាញពីទំនុកចិត្តទៅលើវិស័យអាកាសចរណ៍។
ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបញ្ជាទិញយន្តហោះប៊ូអ៊ីងធុន 787-9 ចំនួន ៥០គ្រឿង និងយន្តហោះអ៊ែរប៊ស់ធុន A321neo ចំនួន ៦០គ្រឿងគ្រឿង ដែលសរុបទាំងអស់មានចំនួន ១១០គ្រឿង ដោយការចែកចាយនឹងចាប់ផ្តើមនៅឆ្នាំ ២០២៨ខាងមុខ។
ការបញ្ជាទិញរួមគ្នាដ៏ធំនេះ មានតម្លៃរហូតដល់ ២២.៤ពាន់លានដុល្លារ នេះបើយោងតាមតារាងតម្លៃដែលបង្ហាញជាសាធារណៈក្នុងពេលថ្មីៗរបស់ក្រុមហ៊ុនពីរ។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន United Airlines លោក Scott Kirby បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា គាត់ជឿជាក់ថា យុទ្ធសាស្រ្តរបស់យើងគឺត្រឹមត្រូវ នៅពេលដែលយើងបន្តបន្ថែមយន្តហោះថ្មី និងធំជាងមុន ដើម្បីទាញយកអត្ថប្រយោជន៍ពេញលេញពីឱកាសហោះហើររបស់ពួកយើងទាំងក្នុងស្រុក និងក្រៅប្រទេស។
ក្រុមហ៊ុនអាកាសចរណ៍អាមេរិកមួយនេះ បានគូសបញ្ជាក់ទៀតថា ឥឡូវនេះ ខ្លួនរំពឹងថា នឹងមានយន្តហោះដឹកជញ្ជូនខ្នាតតូច និងយន្តហោះខ្នាតធំសរុបចំនួន ៨០០គ្រឿង ចាប់ពីចន្លោះឆ្នាំ ២០២៣ ដល់ឆ្នាំ ២០៣២៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា