វគ្គបំពាក់បំប៉ន ស្តីពីការងារចុះបញ្ជីដីធ្លីជូនដល់ក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្រុងអរិយក្សត្រ និងស្រុកពញាឮ

(ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានរៀបចំពិធីបើកវគ្គបំពាក់បំប៉ន ស្តីពីការងារចុះបញ្ជីដីធ្លី ជូនដល់ក្រុមចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ ក្រុងអរិយក្សត្រ និងស្រុកពញាឮ ក្នុងភូមិសាស្ដ្រខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដី និង លោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល ។

លោក គ្រុយ ម៉ាឡែន អភិបាលរងខេត្ត បានបញ្ជាក់ថា៖ ពិធីបើកវគ្គបំពាក់បំប៉ន ស្តីពីការងារចុះបញ្ជីដីធ្លី ជូនដល់ក្រុមចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ក្រុងអរិយក្សត្រ និងស្រុកពញាឮ នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ពន្លឿនដល់ការចុះបញ្ជីដីធ្លីជាលក្ខណះប្រព័ន្ធ និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ។

ទន្ទឹមនឹងនេះ ក្នុងនាមរដ្ឋបាលខេត្តកណ្តាល លោកសូមសំដែងនូវការអបអរសាទរ ចំពោះការរៀបចំឱ្យមានការបើកវគ្គបំប៉នបន្ថែមពីការងារបច្ចេកទេស និងច្បាប់ពាក់ព័ន្ធនានា ជូនដល់មន្ត្រីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្រុងអរិយក្សត្រ និងស្រុកពញាឮ ដើម្បីអនុវត្តលើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ឱ្យមានប្រសិទ្ធភាព និងដើម្បីជំរុញការចុះបញ្ជីឱ្យបានតាមផែនការ ដែលក្រសួងរៀបចំដែនដីនគ រូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកណ្ដាលបានដាក់ចេញ ។

លោកបន្តថា៖ យើងនឹងបន្តអនុវត្តការងារនេះតាមផែនការ ដែលបានគ្រោងទុកឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ប្រមូលក្បាលដី, វាស់វែងក្បាលដី ឈានដល់ការចេញប័ណ្ណបន្តបន្ទាប់ទៀត រហូតដល់ចប់ការចុះបញ្ជីទូទាំងខេត្ត។

លោក បន្ថែមថា៖ វគ្គបណ្តុះបណ្ដាលនេះ អាចដំណើរការទៅបានដោយសារមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានផ្តល់គ្រូឧទ្ទេស ដែលមានសមត្ថភាពខ្ពស់ និងមានបទពិសោធន៍ល្អៗ ដើម្បីចែករំលែកជូនដល់សិក្ខាកាមទាំងអស់ ដើម្បីជំរុញការបញ្ជីដីធ្លីនៅក្នុងខេត្តកណ្តាល ឱ្យចប់តាមផែនការដែលបានដាក់ចេញ។

លោក ក៏បានជំរុញដល់ក្រុមចុះបញ្ជីដីធ្លីមកពីក្រុងអរិយក្សត្រ និងស្រុកពញាឮ ត្រូវបន្តខិតខំអនុវត្តការងារ និងផ្តល់កិច្ចសហការ ដើម្បីវាស់វែងចេញប័ណ្ណជូនប្រជាពលរដ្ឋឱ្យបានកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ពិសេសប័ណ្ណដែលនៅសេសសល់ ត្រូវពន្លឿនដើម្បីចែកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគររូបនីយកម្មសំណង់ បានមានប្រសាសន៍ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារយកអស់កម្លាំងកាយចិត្តរបស់មន្ត្រី នៃមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល ដែលបានបំពេញការងារ ទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋនាពេលកន្លងមកនេះទោះបីជួបនូវឧបសគ្គយ៉ាងណាក៏ដោយ ។

ឯកឧត្តម បានបន្ថែមទៀតថា៖ ការបើកវគ្គបំពាក់បំប៉ននេះគឺក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀតដល់មន្ត្រីនៃមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ឲ្យគាត់ទទួលបាននូវចំណេះ ជំនាញថ្មីៗ បន្ថែមទៀត សម្រាប់បំពេញបន្ថែម ចំពោះការងាររបស់ខ្លួន ដែលបានអនុវត្តកន្លងមក ឱ្យមានប្រសិទ្ធភាព និងដំណើរការបានទៅដោយរលូន និងទាន់ពេលវេលាជូនប្រជាពលរដ្ឋ។

បើតាមរបាយការណ៍របស់ លោក សុក កាន់រិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានបញ្ជាក់ថា៖ ខេត្តកណ្តាលមានក្រុងចំនួន០៣ ស្រុកចំនួន ១០ ឃុំ/ សង្កាត់ ចំនួន១២៧ និងមាន ភូមិចំនួន១,០១០ មានផ្ទៃដីសរុប ចំនួន ៣២៥,៤៩៣.៦៥៣ ហិកតា ចុះបញ្ជីចប់ បានចំនួន ១១៥,៧៣៨.៤៧ ហិកតា ស្មើនឹង ៥១ឃុំ/ សង្កាត់ និងស្មើ ៤៤៩ភូមិ ។ មានក្រុមចុះបញ្ជីចំនួន ១២ក្រុម បានបំបែកទៅជាក្រុម តូចៗចំនួន៦៥ក្រុម កំពុងប្រតិបត្តិការចុះបញ្ជីនៅ ក្រុងចំនួន ០២ និងស្រុកចំនួន ០៩ ដោយឡែកស្រុកកណ្តាលស្ទឹង បានចុះបញ្ជីចប់ជាស្ថាពរ នៅឆ្នាំ២០១២ និងក្រុងតាខ្មៅទើបបានបញ្ចប់ក្នុងឆ្នាំ២០២២។ទន្ទឹមនឹងនេះមន្ទីរបានចាត់បញ្ចូនក្រុមចុះបញ្ជីទី២ ក្រុងតាខ្មៅ ឱ្យទៅជួយក្រុមទី៨ ស្រុកកៀនស្វាយ ។

ជាលទ្ធផល ៩ខែដើមឆ្នាំ២០២៣
-បញ្ចូលទិន្នន័យក្បាលដីបានចំនួន ៤៩,៧៣៣ក្បាលដី
-បិទផ្សាយបានចំនួន ៣៣,២៦៨ ក្បាលដី

  • ចេញបណ្ណបានចំនួន ២៣,៧៧១ ក្បាលដី
  • ចែកបណ្ណបានចំនួន ១៨,២៣៩បណ្ណ
    ក្នុងនោះ បានផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋករណី អំណោយពីរដ្ឋ អំណោយផ្តាច់ និងពន្ធសូន្យ ជំហ៊ានទី១ និងជំហ៊ានទី២ សរុបបានចំនួន ៣១ ២២៦ក្បាលដី បានប្រគល់ជូនប្រជាពលរដ្ឋ បានចំនួន ២៥ ៧៤៨ក្បាលដី៕

ប្រភព ៖ ព័ត៌មានខេត្តកណ្តាល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner