បុណ្យភ្ជុំបិណ្ឌនេះ ភ្ញៀវទេសចរកុំភ្លេចទៅកម្សាន្តទឹកធ្លាក់អូរជាំ ក្នុងទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង
(ខេត្តបាត់ដំបង)៖ ទឹកធ្លាក់អូរជាំស្ថិតក្នុងភូមិសាស្រ្ត ដែនជម្រក សត្វព្រៃភ្នំ សំកុសនៃភូមិអូរជាំលើ ឃុំកំពុងល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ជាតំបន់អេកូទេសចរណ៍ ធម្មជាតិមួយគួរជាទីទាក់ទាញ នៅ កម្ពុជា ដែលមិនអាចមើលរំលងបានឡើយ។
ទឹកធ្លាក់ អូរជាំគឺជារមណីយដ្ឋានធម្មជាតិដែលស្ថិតនៅប៉ែកខាង លិច ឆៀង ខាងត្បូងទីរួមខេត្ដបាត់ដំបងមានចំងាយ៨០គីឡូម៉ែត្រ។ ភ្ញៀវ ទេសចរ អាចធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ទៅកាន់ស្រុកសំឡូត ហើយឆ្ពោះទៅកាន់ទឹកធ្លាក់នេះតែម្តង។
ក្នុងរដូវភ្នុំបិណ្ឌនេះអ្នកទេសចរដែលធ្វើដំណើរកម្សាន្តស្រុកវាលវែង ឬ ភ្នំ១៥០០ ខេត្តពោធិ៍សាត់កុំភ្លេចបង្ហួសចូលលេងទឹកធ្លាក់ខួបប្រាំង ខួបវស្សា មួយនេះ។ភ្ញៀវទេសចរណ៍ ដែលមកលេងកម្សាន្តទឹកដីមួយនេះ អាច បោះតង់សម្រាកលំហែកាយ រៀងរាល់ថ្ងៃបុណ្យទាន និងចុងសប្តាហ៍។

លោក គីម សុង ប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ អូរជាំ បាន ឱ្យ ដឹងថា ៖តំបន់អេកូទេសចរណ៍ទឹកធ្លាក់អូរជាំបច្ចុប្បន្នហាក់ ស្ងប់ ស្ងាត់ ភ្ញៀវ ទេសចរបន្តិច ប៉ុន្តែលោករំពឹងថារដូវភ្ជុំបិណ្ឌនេះភ្ញៀវទេសចរ នឹង ចូល លេង កម្សាន្តច្រើន។
ជាមួយគ្នាលោកបានអំពាវនាវឱ្យពលរដ្ឋកម្ពុជាក្នុងឱកាសភ្ជុំបិណ្ឌនេះកុំភ្លេចចូលកម្សាន្ត និងងូតទឹលធ្លាក់អូរជាំដែលជាទឹកធ្លាក់ដ៏ស្រស់ស្អាត និង បរិសុទ្ធតាមធម្មជាតិ។
អ្នកទេសចរអាចងូតទឹកច្រើនដំណាក់ណាស់ដែលហូរធ្លាក់ពីកំពូលភ្នំ។នៅលើកំពូលភ្នំនេះដែរមាន ផ្ទៃទឹកបឹងដ៏ធំ និងមានសម្រស់ដ៏ស្រស់ស្អាត ដែលគេឱ្យឈ្មោះ ថា ” បឹងអូរជាំ ” ឬអ្នកខ្លះហៅថា ” ទន្លេផែន ” ស្ថិតនៅរយៈកម្ពស់ ១.៤០០ ម៉ែត្រ។នៅទីតំបន់ទន្លេផែននេះ មានដើមឈើធំៗ ខ្ពស់ៗ នៅព័ទ្ធជុំវិញបឹង ដែលមានទឹកថ្លាឆ្វង់ និងមានបណ្តោយប្រវែងជាង ៤០០ម៉ែត្រ និងទទឹងជាង ២០០ម៉ែត្រ។ បឹងនេះដែរកម្រមាននរណា ទៅដល់ខ្លាំងណាស់ ។

លោកប្រធានសហគមន៍ រូបនេះ បានឱ្យដឹងដែរថាក្រៅពីនេះ ភ្ញៀវ ទេសចរ អាចភ្លក្សរស់ជាតិម្ហូបប្លែកៗប្រចាំតំបន់នេះមានដូចជា ឆាក្រវាញ ម្ជូររចេកព្រៃ មាន់ដុតចេកព្រៃ និងម្ហូបប្លែកៗពីអនុផលព្រៃឈើ ដែលមាន រសជាតិឆ្ងាញ់ពិសារបានរៀងរាល់ថ្ងៃ។
ដោយឡែក លោក វឹង វ៉ឺន អនុប្រធានសហគមន៍តំបន់ការពារធម្មជាតិ ទឹកធ្លាក់អូរជាំបានបញ្ជាក់ប្រាប់ថា ចំពោះភ្ញៀវទេសចរដែលមកកម្សាន្ត នៅទឹកធ្លាក់អូរជាំ អាចធ្វើការបោះតង់ស្នាក់នៅទីនោះផ្ទាល់ ដោយមាន ការ ធានាសុវត្ថិភាពខ្ពស់ និងទទួលបាននូវបទពិសោធន៍ថ្មីប្លែក ជាមួយ នឹងធម្មជាតិនៃទឹកដីសំឡូតដែលធ្លាប់តែមានសង្រ្គាមកន្លងមក។
គួរបញ្ជាក់ថាទឹកធ្លាក់អូរជាំនៅត្រង់កំពូលបំផុតមានរយៈកំពស់ ៣០ម៉ែត្រ ដែលហ៊ុព័ទ្ធដោយផ្ទាំងថ្មធំៗ និងមានប្រភពទឹកចេញពីបឹងអូរជាំលើ កំ ពូល ភ្នំ ។ផ្លូវឡើងទៅកាន់រមណីយដ្ឋានមានលក្ខណៈ ពិសេស ជាច្រើន ដូចជា៖ មានព្រៃព្រឹក្សា ជ្រលងដងអូរ ផ្ទាំងថ្មនិងទឹកធ្លាក់ជាបណ្តាក់ៗ ចាប់ពីជើងភ្នំ រហូតដល់កំពូលភ្នំដែលបង្កលក្ខណៈឱ្យសប្បាយ ដល់ភ្ញៀវ ទេសចរមកទស្សនាឥតនឿយហត់ឬនឿយណាយសោះឡើយ ៕





ដោយ ៖ ម៉ាដេប៉ូ