នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរកីឡាករម៉ូតូទឹកកម្ពុជា សាលី ហ្វីលីន ដែលបានឈ្នះមេដាយមាស១ និងមេដាយប្រាក់១ ក្នុងការប្រណាំងម៉ូតូទឹក នៅសហរដ្ឋ(អាមេរិក

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរកីឡាករម៉ូតូទឹកកម្ពុជា សាលី ហ្វីលីន ដែលបាន ឈ្នះមេដាយមាស១ និងមេដាយប្រាក់១ ក្នុងព្រឹត្តិការណ៍ ប្រណាំង ម៉ូតូទឹក កម្រិតពិភពលោក ២០២៣ ជុំទី៣ ( មេដាយមាស លើវិញ្ញាសា Amateur Runabout 1100 Limited និងមេដាយប្រាក់ លើវិញ្ញាសា Amateur Runabout Rec Lites ) ក្នុង ទី ក្រុង Lake Havscu រដ្ឋអារីសូណា សហរដ្ឋ អាមេរិក ថ្ងៃទី៣ តុលា ២០២៣ ។

យោងតាមកីឡាករ សាលី អ៊ូមើត ដែលជាប្រធានក្រុមដឹកនាំក្រុមកីឡាម៉ូតូទឹកកម្ពុជា ចូលរួមព្រឹត្តិការណ៍ខាងលើ បានបញ្ជាក់ថា សាលី ហ្វីលីន បានធ្វើការប្រកួតមុនគេលើ ២វិញ្ញាសា ហើយធ្វើបានយ៉ាងល្អ ដោយដណ្ដើមបានមេដាយមាស ១ លើវិញ្ញាសា Amateur Runabout 1100 Limited និងមេដាយប្រាក់ ១ លើវិញ្ញាសា Amateur Runabout Rec Lites ។

នេះគឺជាលើកទី២ ហើយ ដែលកីឡាករម៉ូតូទឹកវ័យក្មេងកម្ពុជា សាលី ហ្វីលីន ដណ្ដើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ ដ្បិតក្នុងការប្រកួត Water Jet Ski World Series ជុំទី២ នៅប្រទេសបារាំង កាលពីខែកក្កដាកន្លងទៅ ដែលកម្ពុជាដណ្ដើមបានមេដាយមាស ២ ប្រាក់ ១ និងសំរឹទ្ធ ១ ក្នុងនោះប្អូនប្រុសបង្កើតរបស់លោក សាលី អ៊ូមើត គឺកីឡាករ សាលី ហ្វីលីន ក៏ដណ្ដើមបានមេដាយមាស ១គ្រឿងដែរ ។

សូមជម្រាបថា បេសកកម្មលើទឹកដីអាមេរិកលើកនេះ លោក សាលី អ៊ូមើត បានដឹកនាំកីឡាករវ័យក្មេងកម្ពុជា ៨រូបចូលរួមប្រកួត ក្នុងនោះមាន ៥នាក់ ត្រូវចូលរួមប្រកួតដោយផ្ទាល់ និងកីឡាករថ្នាល ៤រូប គឺចូលរួមរៀនសូត្រ និងដកស្រង់បទពិសោធន៍ ។ សម្រាប់កីឡាករត្រូវធ្វើការប្រកួតបន្ទាប់ពី សាលី ហ្វីលីន គឺមាន កៃ វ៉ាន់ស៊ីដែន, មីន មូស្ដាន់, មីន អូស្មាន់ និងសិស្សច្បង សាលី អ៊ូមើត ដែលជាម្ចាស់មេដាយមាសកីឡាអាស៊ី និងស៊ីហ្គេមផ្ទាល់តែម្ដង ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner