សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគេនទេយ្យវត្ថុ និងបច្ច័យ កសាង ១៨វត្ត ក្នុងវេនកាន់បិណ្ឌទី៥

(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានណបក្សប្រជាជនកម្ពុជា បាននាំយក ទេយ្យវត្ថុ និងបច្ច័យកសាង ប្រគេនព្រះសង្ឃ ១៨វត្ត នៅខេត្តស្វាយរៀង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលពិធីនេះរៀបចំនៅវត្តជម្ពូព្រឹក្សា (វត្តថ្មី) ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ក្នុងវេនកាន់បិណ្ឌទី៥ នាព្រឹកថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣ ។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី បុគ្គលិក មន្ត្រីរាជការ និងពុទ្ធបរិស័ទដោយក្តីនឹករលឹក។

សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា ក្រោមម្លប់នៃសុខសន្តិភាព គឺបានអនុញ្ញាតិឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប អាចធ្វើបុណ្យតាមបែបប្រពៃណី និងការគោរពប្រតិបត្តិព្រះពុទ្ធសាសនាដែលជាទំនៀមទំម្លាប់ពីដូនតារៀងមក។ ម៉្យាងទៀត ទឹកចិត្ត និងសទ្ធាជ្រះថ្លារបស់ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទ្ធទាំងអស់នាពេលនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីការរួមសាមគ្គីគ្នា ក្នុងការលើកស្ទួយនូវវិស័យព្រះពុទ្ធសាសនានៅកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា មិនត្រូវឲ្យបាត់បង់សមាជិកណាម្នាក់ក្នុងឱកាសបិណ្ឌភ្ជុំនេះទេ កុំឲ្យសប្បាយក្លាយជាទុក្ខ ។ ជៀសឲ្យផុតពីការប្រើប្រាស់គ្រឿងញៀន និងការសេពគ្រឿងស្រវឹង ។ ជៀសឲ្យឆ្ងាយពីការប្រព្រឹត្តនូវល្បែងស៊ីសង ដែលនាំឲ្យអន្តរាយដល់សង្គមជាតិ និងសង្គមគ្រួសារ ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងប្រតិភូរួមដំណើរទាំងអស់ និងប្រជាពលរដ្ឋ បានវេប្រគេនព្រះសង្ឃទាំ ១៨វត្ត រួមមាន ទេយ្យវត្ថុ សាដក គ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួនផងដែរ ៕

ដោយ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner