ក្រសួងអប់រំចេញសេចក្ដីបំភ្លឺ ករណីសាលាបឋមសិក្សាដំណាក់ក្សាន្ត ដែលសិស្សកំពុងរៀនក្នុងរោងដោល ហើយមានទឹកលិចត្រឹមជង្គង់

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០២៣នេះបានចេញសេចក្តីបំភ្លឺ បន្ទាប់ពីរូបភាពមួយត្រូវបាន គេចែករំលែក តាមរយៈបណ្តាញសង្គមយ៉ាងព្រោងព្រាតពីករណី សិស្សកំពុងរៀនក្នុងរោងដោលនិងមានទឹកលិចត្រឹមជង្គង់រួចមក។

ក្រសួងអប់រំបានបញ្ជាក់ក្នុងសេចក្តីបំភ្លឺរបស់ខ្លួនថា៖ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នៅក្នុងបណ្ដាញសង្គមមានការចែករំលែករូបភាពគ្រូបង្រៀន និងសិស្សកំពុងបង្រៀននិងរៀនក្នុងរោងដោល និងមានទឹកលិចត្រឹមជង្គង់ ដែលករណីនេះបានកើតឡើងនៅសាលាបឋមសិក្សាដំណាក់ក្សាន្ត ស្ថិតក្នុងឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ក្រសួងបានបន្តថានៅថ្ងៃនោះ មានធ្លាក់ភ្លៀងយ៉ាងគំហុក ដែលធ្វើឱ្យទឹកហូរចេញពីសាលាមិនទាន់ និងលិចរោងដោលស្របពេលដែលគ្រូ និងសិស្សកំពុងបង្រៀននិងរៀន។ ក្រោយពេលរាំងភ្លៀង សាលារៀនបានផ្អាកដំណើរការ និងអនុញ្ញាតឱ្យគ្រូនិងសិស្សត្រឡប់ទៅផ្ទះវិញ។ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២៣ ជំនន់ទឹកភ្លៀងបានស្រកអស់ និងសាលារៀនអាចដំណើរការបង្រៀន និងរៀនជាធម្មតា។

ក្រសួងបានបន្តឱ្យដឹងថាក្នុងឆ្នាំសិក្សា២០២២-២០២៣ សាលាបឋមសិក្សាដំណាក់ក្សាន្ត មានអគារសិក្សា ១ខ្នង ៥បន្ទប់ និង មានរោងដោល ១ខ្នង ១០បន្ទប់, គ្រូបង្រៀនសរុប ៧នាក់ ស្រី ២នាក់ និងមានសិស្សសរុប ៣៦៦នាក់ ស្រី ១៧៤នាក់ ចែកចេញជា ១២ថ្នាក់។ បើប្រៀបធៀបចំនួនបន្ទប់រៀន និងចំនួនថ្នាក់រៀន គឺ សាលានៅខ្វះ បន្ទប់រៀន រួមទាំងបន្ទប់ទីចាត់ការ និងបណ្ណាល័យ ជាដើម។

ក្រសួងអប់រំបានបញ្ជាក់ដែរថា៖ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការខ្វះខាតអគារសិក្សាក្រសួងអប់រំ យុវជន និងកីឡាសម្រេច សាងសង់អគារសិក្សាថ្មី១ខ្នង ៥បន្ទប់ ជាអាទិភាពជូនដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហគមន៍ និងអាជ្ញាធរដែនដី ដើម្បីឱ្យដំណើរការរៀននិងបង្រៀនកាន់តែប្រសើរនាពេលខាងមុខ៕

ក្រសួងបានបញ្ជាក់បន្ថែមថា ដោយសារចំនួនសិស្សមានការកើនឡើងក្នុងគ្រប់ភូមិសិក្សា ធ្វើឱ្យ តម្រូវការអគារសិក្សាមានការកើនឡើងផងដែរ ទោះបីជារាជរដ្ឋាភិបាលបានសាងសង់អគារសិក្សាជាច្រើន រួមទាំងអគារសិក្សារបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ផងដែ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner