ឯកឧត្តម ហ៊ុន ម៉ានី ចែករំលែកខ្លឹមសារសំខាន់បី ដែលជាទស្សនៈ និងបទពិសោធន៍ ពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំ

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានចែករំលែកចំណុច និងខ្លឹមសារ ០៣ សំខាន់ដែលជាទស្សនៈ និងបទពិសោធន៍របស់ឯកឧត្តមផ្ទាល់ ជូនដល់អង្គសិក្ខាកាម ក្នុងវគ្គបណ្តុះបណ្តាលស្តីអំពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដែលបានប្រព្រឹត្តិទៅកាលពីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅសហសាលសាលាភូមិន្ទរដ្ឋបាល ។

ចំណុច និងខ្លឹមសារ ០៣ សំខាន់ រួមមាន៖ (១)ស្មារតី ដឹកនាំសកម្មភាព La conscience determine l’ action ការចេះប្រើប្រាស់ចំណេះដឹងឱ្យត្រូវតាមបរិបទ និងស្របតាមលទ្ធភាព និងមធ្យោបាយដែលមានក្នុងដៃ និង(៣) គុណភាពនៃអ្នកដឹកនាំ ដែលត្រូវការចាំបាច់កត្តាបី គឺចក្ខុវិស័យ ជំនាញ និងអត្តចរិត។

ឯកឧត្តមបានលើកឡើងពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំដែរថា ក្នុងនាមជាមន្ត្រីរាជការស៊ីវិល ត្រូវការក្តាប់អោយបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល បន្តសម្រួចនូវចំណេះជំនាញជាបច្ចេកទេសក្នុងការបំពេញភារកិច្ច ឱ្យស្របតាមបរិបទជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាដើម្បីសម្រួលដល់ការសម្រេចសមិទ្ធផលអោយបានច្រើន និងការប្រកាន់ភ្ជាប់អត្តចរិកទន់ភ្លន់ ហ្មត់ចត់ក្នុងការបំពេញការងារ។

បើតាមរបាយការណ៍របស់ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានរៀបរាប់សាវតានៃវគ្គបណ្តុះបណ្តាលស្តីអំពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ថាកន្លងមក សាលាភូមិន្ទរដ្ឋបាលបានរៀបចំវគ្គបណ្តុះបណ្តាលនេះជូនដល់សិក្ខាកាមជាន់ខ្ពស់បានចំនួនបួនជំនាន់មកហើយ។

សិក្ខាកាមដែលបានចូលរួមនៅថ្នាក់ជាតិមានតំណែងចាប់ពីកម្រិតប្រធាននាយកដ្ឋាន រហូតដល់រដ្ឋលេខាធិការឬមុខតំណែងប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ពីអភិបាលក្រុង ស្រុក ខណ្ឌ នាយករដ្ឋបាលរាជធានី ខេត្ត អភិបាលរងរាជធានី ខេត្ត រហូតដល់អភិបាលខេត្ត។ ជាលទ្ធផល សិក្ខាកាមចំនួន៦៥៧នាក់(ស្រី១១១នាក់) បានឆ្លងកាត់វគ្គបណ្តុះបណ្តាលដោយជោគជ័យ។ ដោយឡែក សិក្ខាកាមជាន់ខ្ពស់ជំនាន់ទី៥ ដែលមានវត្តមានក្នុងឱកាសបើកវគ្គនាថ្ងៃនេះ មានចំនួនសរុប១៩៧នាក់(ស្រី២៩នាក់) មកពីក្រសួង ស្ថាប័ន អង្គភាពថ្នាក់ជាតិចំនួន៣០ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ទាំង២៥រាជធានី ខេត្ត ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner