សហរដ្ឋអាមេរិកពង្រឹងកិច្ចសហប្រតិបត្តិការលើការងារអាទិភាពបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិដោយចីរភាព

ភ្នំពេញ៖ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃទី០៤ តុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជាបានថ្លែងថា ការគ្រប់គ្រងធនធានធម្មជាតិដោយចីរភាព គឺជាកត្តាសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា ។

ឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការ ដែលមានកន្លងមកលើកិច្ចការពារសត្វព្រៃ Mekong US និង ព្រៃឡង់បៃតង ហើយលើសពីនេះសហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហប្រតិបត្តិការបន្ត លើការអភិវឌ្ឍអនាគតបៃតង(Green future) តំបន់ជុំវិញបឹងទន្លេសាប និងវេទិកានៃកិច្ចប្រជុំកំពូលស្តីពី ការប្រែប្រួលអាកាសធាតុ (Cambodia Climate Summit) ដែលរៀបចំនៅខែវិច្ឆិកាខាងមុខ ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបន្តទៀតថា សហរដ្ឋអាមេរិកបានផ្តល់ហិរញ្ញប្បទានច្រើនជាងគេដល់មូលនិធិអាកាសធាតុបៃតង ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ដែលមានកម្ពុជាផងដែរ ។ បន្ថែមពីនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានស្នើសុំឯកឧត្តមរដ្ឋមន្រ្តីស្វែងយល់ពីការងារអាទិភាពរបស់ក្រសួងបរិស្ថាន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក ដែលបានរួមចំណែកក្នុងការពារធនធានធម្មជាតិ និងកិច្ចសហការទប់ស្កាត់ការប្រែប្រួលអាកាសធាតុដែលជាបញ្ហាសកល ។

ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបពីការងារអាទិភាពដែលក្រសួងបានដាក់ចេញ ទី១ គឺការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយមានការចូលរួមពីសិស្សានុសិស្ស ដែលជាយុវជនជំនាន់ក្រោយជាង ១.៤លាននាក់ ។ កត្តានេះជាជោគជ័យមួយឈានឆ្ពោះទៅការគ្រប់គ្រងសំណល់ដោយប្រសិទ្ធិភាព ។ ទី២ គឺការស្តារ និងដាំដើមឈើឡើងវិញ ដើម្បីឈានឆ្ពោះទៅទទួលបាននូវអព្យាក្រឹតកាបូន និងការលើកកម្ពស់ជីវភាពប្រជាសហគមន៍ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១នៃមុំទី២ ទី៤ និងទី៥ គឺធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដោយជំរុញការលើកកម្ពស់ ការទាក់ទាញវិនិយោគ ក្នុងឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងឧស្សាហកម្មបៃតង និងទី៣ គឺចូលរួមជាមួយដៃគូអន្តរជាតិដោះស្រាយបញ្ហាសកល ដែលយកចិត្តទុកដាក់ជាចម្បងទៅលើការប្រែប្រួលអាកាសធាតុ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner