លោក Srettha ប្តេជ្ញាថា ការបាញ់ប្រហារនៅផ្សារទំនើបក្នុងក្រុងបាងកកនឹងមិនកើតម្តងទៀតទេ
បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បាននិយាយថា រដ្ឋាភិបាលថៃនឹងធ្វើឱ្យប្រាកដថា «ការបាញ់ប្រហារនៅផ្សារទំនើបក្នុងក្រុងបាងកក» នឹងមិនកើតឡើងទៀតទេ។
លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃសន្យាថា រដ្ឋាភិបាលរបស់លោកនឹងធ្វើឱ្យប្រាកដថា «វាមិនកើតឡើងម្តងទៀតទេ» បន្ទាប់ពីមានការបាញ់ប្រហារ នៅផ្សារទំនើបមួយកន្លែង ក្នុងទីក្រុងបាងកក ដែលបានបណ្តាលឲ្យស្លាប់និងរបួសមនុស្សមួយចំនួន ហើយក៏មានការចោទជាសំណួរនានា អំពីកិច្ចការងារគ្រប់គ្រងកាំភ្លើង របស់ប្រទេសថៃ។
ថៃត្រូវបានគេដឹងថា គឺជាប្រទេសដែលមានអត្រាអ្នកកាន់កាប់កាំភ្លើងដ៏ខ្ពស់បំផុត នៅក្នុងតំបន់។
គួររម្លឹកថា ក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃអង្គារ សប្តាហ៍នេះ បន្ទាប់ពីគេបានប្រើប្រាសកាំភ្លើងបើកការបាញ់រះ នៅផ្សារទំនើបក្នុងក្រុងបាងកក ដែលបណ្តាលឲ្យមនុស្ស ២ នាក់ស្លាប់ និង ៥ នាក់រងរបួស បង្កឲ្យមានការភ័យស្លន់ស្លោ ក្នុងចំណោមអ្នកទិញទំនិញ រត់ចេញពីក្នុងអគារ ផ្អើលឆោឡោ នៅលើដងផ្លូវ។
ការបាញ់ប្រហារនេះ បានកើតឡើង នៅប៉ុន្មានថ្ងៃ មុនដល់ខួបមួយឆ្នាំ នៃការសម្លាប់រង្គាលដ៏សាហាវបំផុត ក្នុងប្រវត្តិសាស្ត្រថៃ នៅភាគខាងជើងរបស់ប្រទេស ដោយបានសម្លាប់កុមារ ២៤នាក់ និងមនុស្សពេញវ័យ ១២នាក់ ដែលសំដៅទៅលើការវាយប្រហារដោយកាំភ្លើងផង និងកំបិតផង របស់អតីតប៉ូលីសម្នាក់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត



