រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដាក់ចេញ យុទ្ធសាស្រ្តអាទិភាពចំនួន៤ សម្រាប់ដ្នាក់ដឹកនាំមន្ត្រីក្រោមឱវាទអនុវត្តន៍ ក្នុងអាណត្តិទី៧

ខេត្តបាត់ដំបង៖ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសដាក់ចេញនូវយុទ្ធសាស្រ្តអាទិភាពចំនួន៤ សម្រាប់អនុវត្តន៍ក្នុងអាណត្តិទី៧នៃរដ្ឋសភា ដើម្បីប្រែក្លាយតំបន់ជនបទទៅជាជនបទស៊ីវិស័យ និង មានកិត្យានុភាព សំដៅកាត់បន្ថយគម្លាត រវាងទីក្រុង និងជនបទ។

ការថ្លែងលើកឡើងរបស់ឯកឧត្ដម ឆាយ ប្ញទ្ធិសែន ក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ។

ជាមួយសមិទ្ធផលការងារដែលមន្ទីរសម្រេចបានទាំងក្នុងអាណត្តិចាស់ និងបន្តអាណត្តិថ្មីនេះ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញការងារ របស់ថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់នាពេលកន្លងមក។

ឯកឧត្ដម រដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ៖ ដើម្បីចូលរួមចំណែកនិងធ្វើឲ្យសម្រេចបាន នូវការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ និងចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ក្នុងនោះក្រសួងអភិវឌ្ឍន៍ជនបទ បានខិតខំធ្វើយ៉ាងណាឲ្យសម្រេចឱ្យបាន នូវចក្ខុវិស័យរបស់ខ្លួន គឺលើកកម្ពស់គុណភាពនិងគុណតម្លៃរបស់ប្រជាជននៅជនបទ ប្រកបដោយចីរភាពនិងបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច-សង្គមនិងវប្បធម៌ ។

ឯកឧត្តម ឆាយ ប្ញទ្ធិសែន បន្ថែមទៀតថា៖ រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងតែបន្តក្នុងការខិតខំប្រែក្លាយតំបន់ជនបទទាំងអស់ ឲ្យទៅជាជនបទស៊ីវិស័យ និងមានកិត្យានុភាព ដើម្បីកាត់បន្ថយ នូវគម្លាត រវាង ទីក្រុងនិងជនបទ ដែលក្រសួងមានយុទ្ធសាស្ត្រ ជាអាទិភាពចំនួន៤ គឺ៖ទី១. អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងគមនាគមន៍ ប្រទាក់ក្រឡា ក្នុងការធានាឲ្យបានតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញសរសៃឈាមនៃកំណើនសេដ្ឋកិច្ចទៅដល់ទីជនបទ។ទី២.កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ក្នុងគោលដៅឱ្យប្រជាជនជនបទ រស់នៅមានឥរិយាបថល្អប្រកបដោយសុខភាពល្អនិងអនាម័យ ព្រមទាំងផាសុកភាព។ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈនៃការបណ្តុះបណ្ដាល នូវជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅទីជនបទ។និងទី៤. ពង្រឹងសេវាគាំទ្ររដ្ឋបាលនិងកិច្ចការទូទៅ ដើម្បីពង្រឹងស្ថាប័ន ក្នុងគោលដៅបម្រើប្រជាជននៅជនបទ ដោយសុចរិត និងការទទួលខុសត្រូវខ្ពស់ ៕

( អត្ថបទ-រូបភាព៖ អ៊ុកសំអាន បប )

ads banner