រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ៖ អ្នកដឹកនាំជាច្រើន សុទ្ធតែត្រូវបានឆ្លងកាត់ការប្រឡងប្រជែង និងទទួលបានការបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាល
ភ្នំពេញ៖ ក្នុងវគ្គបណ្តុះបណ្តាលស្តីអំពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅសហសាលសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានលើកឡើងថា ជាច្រើនឆ្នាំមកហើយ ដែលសាលាភូមិន្ទរដ្ឋបាល បានវិវឌ្ឍខ្លួនជាបន្តបន្ទាប់ក្នុងបេសកកម្ម បណ្តុះបណ្តាលអនាគតអ្នកដឹកនាំ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឲ្យទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ស្របទៅតាមការវិវត្តឥតឈប់ឈរនៅក្នុងតំបន់ និងអន្តរជាតិ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងសង្គម។ អ្នកដឹកនាំជាច្រើន សុទ្ធតែត្រូវបានឆ្លងកាត់ការប្រឡងប្រជែង និងទទួលបានការបណ្តុះបណ្តាលនៅទីនេះ។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ជាក់ស្ដែងថ្ងៃនេះ សាលាភូមិន្ទរដ្ឋបាល បានរៀបចំវគ្គបណ្តុះបណ្តាលមួយក្នុងចំណោមវគ្គជាច្រើនផ្សេងទៀត ដើម្បីបណ្តុះបណ្តាលមន្ត្រីរាជការជាន់ខ្ពស់ និងអនាគតអ្នកដឹកនាំស្របតាមគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈជាពិសេសអាទិភាពគន្លឹះទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺមនុស្ស។ ជាក់ស្តែង អាទិភាពទី២ ដែលមានចែងក្នុងមុំទី១ របស់យុទ្ធសាស្ត្របញ្ចកោណ គឺការពង្រឹងសមត្ថភាពនៃភាពជាអ្នកដឹកនាំ ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ការវាយតម្លៃ និងការទទួលស្គាល់អ្នកដឹកនាំគម្រូ និងការរៀបចំបណ្តាញអ្នកដឹកនាំក្នុងរដ្ឋបាលសាធារណៈ។ បន្ថែមពីលើនេះ នៅក្នុងមុំទី២ នៃយុទ្ធសាស្ត្របញ្ចកោណដដែល បានចែងពាក់ព័ន្ធជាមួយការលើកកម្ពស់សមត្ថភាពធនធានមនុស្ស ប្រកបដោយសមត្ថភាពជំនាញ ឆន្ទៈ ម្ចាស់ការ និងក្រមសីលធម៌ ស្របតាមតួនាទី និងការទទួលខុសត្រូវ។
ឯកឧត្តម ហ៊ុន ម៉ានី បានបបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» លើកទី៥ ក៏ជាផ្នែកមួយនៃការឆ្លើយតបតាមចក្ខុវិស័យ និងការចង្អុលបង្ហាញរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើវិធានការគន្លឹះ ត្រង់ចំណុចទី២គឺ «ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព» ដែលក្រសួងមុខងារសាធារណៈដើរតួនាទីជាលេខាធិការដ្ឋានសម្រាប់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តម ថា ទាំងអស់នេះ បង្ហាញពីភាពសំខាន់ និងចាំបាច់នៃវគ្គបណ្តុះបណ្តាលនិមួយៗដែលបាន និងកំពុងរៀបចំដែលតម្រូវឲ្យសិក្ខាកាមទាំងអស់ ប្រើប្រាស់ពេលវេលានេះដោយយកចិត្តទុកដាក់ ហើយបំពេញតាមលក្ខខណ្ឌនានារបស់វគ្គដើម្បីបានជាពុទ្ធិ និងទទួលនូវបទពិសោធន៍ថ្មីៗ ល្អៗ ដើម្បីយកទៅដឹកនាំអង្គភាព និងស្ថាប័នរៀងៗខ្លួន ព្រោះសិក្ខាកាមទាំងអស់គ្នាដែលចូលរួមក្នុងវគ្គនេះ សុទ្ធតែជាធនធានដ៏សំខាន់ក្នុងការបម្រើប្រជាពលរដ្ឋ ៕
ដោយ វណ្ណលុក




