ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនប៉ូលិស៣នាក់ ដែលសូកប៉ាន់រត់ការដោះលែងក្រុមជនចាប់ជំរិតចំនួន១៨នាក់ នៅខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ លោក អ៊ី រិន្ទ ប្រធានលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងនៅយប់ថ្ងៃទី២៥ ខែកក្កដានេះ ថា ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល៣នាក់ ដែលសូកប៉ាន់រត់ការដោះលែងក្រុមជនចាប់ជំរិតចំនួន១៨នាក់ នៅខេត្តកំពង់ស្ពឺ ដាក់ពន្ធនាគាររាជធានីភ្នំពេញ ឬ ប៉េហ្ស៊ី បណ្តោះអាសន្ន ដើម្បីបន្តនីតិវិធី ។
ដោយឡែក លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបាន ថ្លែងថា លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់មន្ត្រីនគរបាល៣នាក់ ដែលACU ចាប់ខ្លួនបញ្ជូនមកតុលាការ និង២នាក់ទៀតកំពុងគេចខ្លួន ពីបទ”សូកប៉ាន់ និងបទរារាំងក្នុងការអនុវត្តច្បាប់នៃក្រមព្រហ្មទណ្ឌ និងបទរំលោភអំណាច តាមមាត្រា៣៥ ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
មន្រ្តីនគរបាលទាំង៥រូប រួមមាន ៖ទី១៖ ឈ្មោះ ថា ស្រីលក្ខណ៍ ភេទស្រី (គេចខ្លួន) , ទី២៖ ឈ្មោះ ជិន វេងលាង ភេទប្រុស (គេចខ្លួន) , ទី៣៖ ឈ្មោះ សឿ សុថា ភេទប្រុស , ទី៤៖ ឈ្មោះ រត្ន័ ពិន្ទ ភេទប្រុសនិង ទី៥៖ ឈ្មោះ វណ្ណ សុភាព។
សូមបញ្ជាក់ថា កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ផែនអន្តោប្រវេសន៍ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ និងអាជ្ញាធរស្រុកបសេដ្ឋ ដោយមានការសម្របសម្រួលពីលោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ បានចុះត្រួតពិនិត្យទីតាំងមួយកន្លែង ក្នុងចំការស្វាយរបស់ឈ្មោះ ហេ ជីវអេង បានជួលឲ្យទៅឈ្មោះ រ័ត្ន ពិនស្ថិតនៅភូមិចារ ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ប្រតិបត្តិការ នេះធ្វើឡើងនាវេលាម៉ោង១០៖៩នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ឃាត់ខ្លួនជនបរទេសចំនួន ១៨នាក់ មានសញ្ជាតិ ចិន៦នាក់ ចិនតៃវ៉ាន់១២នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីចាប់ជំរិត ទារប្រាក់តាមប្រព័ន្ធអ៉ីនធើណេត (VOIP) និងធ្វើការដកហូតសម្ភារៈមួយចំនួនរួមមាន ទូរស័ព្ទដៃ ម៉ាក អាយហ្វូន ចំនួន ២១គ្រឿង, អុបពូរ ០១គ្រឿង, សាំស៊ុង ០១គ្រឿង,ណូគា ០៦គ្រឿង, អាយផេត ០៤គ្រឿង, កុំព្យូទ័រលេបថប់ ០៥គ្រឿង, ឌែសថប់ ០១គ្រឿង, ព្រីនធើ ០២គ្រឿង, ដុំWifi ០២គ្រឿង, ស្ទិកឃើ ០១គ្រឿង, ទូរស័ព្ទលើតុ ៣៣គ្រឿង (ថ្មី ០៨គ្រឿង), អាយកូម ០៦គ្រឿង, លុយដុល្លារក្លែងក្លាយ ០២ដុំ (៥២សន្លឹក) ៕ធ.ដ