អតីត អ្នកកាសែត រុស្ស៊ី ជាប់ពន្ធនាគារជាង ៨ ឆ្នាំ ពី បទ រិះគន់ រុស្ស៊ីរឿងធ្វើសង្រ្គាមនៅអ៊ុយក្រែន
មូស្គូ: កាលពីថ្ងៃពុធមិ្សលមិញ តុលាការក្រុងមូស្គូ បានកាត់ទោសកំបាំងមុខអតីតអ្នកកាសែតរបស់ទូរទស្សន៍រដ្ឋម្នាក់ឱ្យជាប់ពន្ធនាគារ ៨,៥ ឆ្នាំចំពោះការតវ៉ាប្រឆាំងរុស្ស៊ីជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។ នេះគឺជាការបង្ក្រាបចុងក្រោយបង្អស់របស់រុស្ស៊ី ទៅលើក្រុមប្រឆាំង រាប់ចាប់តាំងពីការឈ្លានពានអស់រយៈពេលជាង ២០ ខែមកនេះ។
អ្នកស្រី ម៉ារីណា អូវស្យានីកូវ៉ា (Marina Ovsyannikova) ត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិតអំពីកងទ័ពរុស្ស៊ី ដែលជាបទល្មើសព្រហ្មទណ្ឌក្រោមច្បាប់ដែលបានអនុម័តភ្លាមៗបន្ទាប់ពីប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែនបន្ថែមទៀត។
គួររំឭកថា អ្នកស្រីធ្លាប់បាន ធ្វើ ការ តវ៉ា ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីនៅ ជិត វិមាន ក្រឹមឡាំង កាលពី ខែ កក្កដា ឆ្នាំ ២០២២ ដោយ បានឈរលើកផ្ទាំងបដាដែលមានសរសេរ ថា «ពូទីនជា ឃាតករ។ ទាហានរបស់គាត់គឺជាពួកហ្វាស៊ីស។ កុមារ ៣៥២ នាក់ត្រូវបានសម្លាប់។ តើ នឹងត្រូវឱ្យកុមារ ប៉ុន្មាន នាក់ ទៀត ដែល ត្រូវ ស្លាប់ ដើម្បី ឱ្យ លោកឯងបញ្ឈប់សង្គ្រាមមួយនេះ?»
បន្ទាប់ពីបាតុកម្មប្រឆាំងនោះមក អ្នកស្រី ត្រូវ បានចាប់ ឃុំ ខ្លួន និង ដាក់ ឱ្យ នៅ ក្នុង ផ្ទះមិនអាចចេញក្រៅបាន ប៉ុន្តែអ្នកស្រីបានលួច រត់ គេច ខ្លួន ទៅ កាន់ប្រទេស បារាំង ជាមួយ នឹង កូន ស្រី របស់អ្នកស្រី។ អាជ្ញាធររុស្ស៊ីបានដាក់ឈ្មោះអ្នកស្រីទៅក្នុងបញ្ជីឧក្រិដ្ឋជន ហើយបានកាត់ទោសអ្នកស្រីឱ្យជាប់ពន្ធនាគារដោយកំបាំងមុខ។
អ្នកស្រី អូវស្យានីកូវ៉ា ធ្លាប់ធ្វើការឱ្យប៉ុស្តិ៍ទូរទស្សន៍រដ្ឋមួយ ឈ្មោះថា Channel One ដែ លជាស្ថានីយ៍ទូរទស្សន៍ជាតិដ៏ពេញនិយមបំផុតមួយរបស់រុស្ស៊ី។ អ្នកស្រីបានធ្វើការផ្សាយព័ត៌មានទៅកាន់អន្តរជាតិមួយកាលពីខែមីនាឆ្នាំ២០២២ ក្រោមចំណងជើងថា «បញ្ឈប់សង្រ្គាម កុំជឿការឃោសនា ពួកគេកំពុងកុហកអ្នកទាំងអស់គ្នា»។
ក្រោយមក អ្នកស្រីបានលាឈប់ពីការងារនៅប៉ុស្តិ៍ទូរទស្សន៍មួយនេះ និងត្រូវបានចោទប្រកាន់ពីបទប្រមាថដល់កងកម្លាំងយោធារុស្ស៊ី និងពិន័យជាប្រាក់ចំនួន ២៧០ ដុល្លារអាមេរិកភ្លាមៗនៅពេលនោះ។
ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន ជនជាតិរុស្សីជិត ៨០០០ នាក់បានប្រឈមមុខនឹងការចោទប្រកាន់ពីបទមជ្ឈិម ហើយមនុស្សជាង ៧០០ នាក់ត្រូវបានជាប់ពាក់ព័ន្ធក្នុងរឿងក្តីព្រហ្មទណ្ឌ ជុំវិញការនិយាយជាសាធារណៈក្នុងការតវ៉ាប្រឆាំងនឹងរុស្ស៊ី នេះបើយោងតាមអង្គការសិទ្ធិមនុស្ស និងជំនួយផ្នែកច្បាប់ OVD Info ។
រដ្ឋាភិបាល រុស្ស៊ីតែងតែបាន ប្រើ ប្រាស់ច្បាប់ ប្រឆាំង ការ រិះគន់ ប្រតិបត្តិការ យោធា ចាប់ខ្លួនក្រុម ប្រឆាំង សកម្មជន សិទ្ធិមនុស្ស និង ប្រព័ន្ធ ផ្សព្វផ្សាយ ឯករាជ្យជាច្រើន។ ក្រុមអ្នករិះគន់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ អង្គការសិទ្ធិមនុស្សត្រូវបានបង្ខំឱ្យបិទ គេហទំព័រព័ត៌មានឯករាជ្យក៏ត្រូវបានបិទ ហើយអ្នកកាសែតមួយចំនួនបានសម្រេចចាកចេញពីប្រទេសដើម្បីគេចពីការធ្វើទុក្ខបុកម្នេញ។
រហូតមកទល់ពេលនេះ អ្នក ដែល និរទេស ខ្លួន ទៅ ក្រៅ ប្រទេស រុស្ស៊ីជា ច្រើនរូបមកហើយដែលត្រូវ បាន កាត់ ទោសកំបាំងមុខ ឱ្យ ជាប់ ពន្ធនាគារ។ ការបង្រ្កាបទ្រង់ទ្រាយធំរបស់រុស្ស៊ីលើកនេះ គឺជាព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសរុស្ស៊ី រាប់ចាប់តាំងពីការដួលរលំសហភាពសូវៀត៕
ប្រែសម្រួល:ធា សុណា
ប្រភពព័ត៌មាន៖ ABC News Former Russian TV journalist gets 8 1/2-year sentence in absentia for war criticism