ក្រុមកីឡាទូកខ្លាខ្មៅមានជ័យបារមីសឹករងកំពង់ធំ ប្ដេជ្ញាយកជ័យជម្នះ ក្នុងពិធីអុំទូកនៅខេត្តកំពង់ធំ ខាងមុខ និងត្រៀមចូលរួមចូលរួមប្រកួត នៅរាជធានីភ្នំពេញ ឱ្យទទួលបានជោគជ័យ
(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានលើកទឹកចិត្តដល់ក្រុមកីឡាករទូកខ្នាតអន្តរជាតិ ដែលមានកម្លាំងត្រូវអុំចំនួន ២២នាក់ និងកម្លាំងបម្រុងចំនួន៨នាក់ សរុបចំនួន៣០នាក់ ត្រូវត្រៀមខ្លួន ចូលរួមប្រកួតដណ្ដើមយកជ័យជម្នះ ក្នុងពិធីអុំទូកនៅខេត្តកំពង់ធំនាពេលខាងមុខ និងត្រៀមខ្លួនចូលរួមប្រកួតនៅរាជធានីភ្នំពេញ ឲ្យទទួលបានជោគជ័យផងដែរ ។

ក្នុងឱកាសជួបសំណេះសំណាល និងឧបត្ថម្ភអាវយឺត គ្រឿងឧបភោគបរិភោគ ជូនដល់កម្លាំងកីឡាករអុំទូកខ្នាតអន្តរជាតិ ឈ្មោះថា ខ្លាខ្មៅមានជ័យ បារមីសឹករងកំពង់ធំ ដែលជាទូកក្រោមការឧបត្ថម្ភគាំទ្ររបស់បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានលើកឡើងថា ក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ប្រពៃណីទំនៀមទំលាប់របស់ជាតិ ត្រូវបានលើកកម្ពស់ ហើយឆ្នាំនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសរៀបចំកម្មវិធីអុំទូក អកអំបុក សំពះព្រះខែ នៅរាជធានីភ្នំពេញ ដើម្បីឱ្យប្រជាជនបានសប្បាយរីករាយ ។

លោក កែន សិរី រ័ត្ន មុន្នី ប្រធានក្រុមតំណាងឲ្យក្រុមកីឡាករ ទូកខ្លាខ្មៅមានជ័យបារមីសឹករងកំពង់ធំ បានថ្លែងអំណរគុណចំពោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងថ្នាក់ដឹកនាំ នៃបញ្ជាការដ្ខាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានជួយឧបត្ថម្ភគាំទ្រដល់ក្រុមកីឡាករ និងបានប្ដេជ្ញាចិត្ត ក្នុងការហ្វឹកហាត់ចាប់ពីពេលនេះតទៅ រហូតដល់ពេលប្រកួត ទាំងនៅថ្នាក់ខេត្ត នឹងនៅថ្នាក់ជាតិ ឱ្យទទួលបានជោគជ័យ ដើម្បីអបអរសាទរ ពិធីអុំទូក អកអំបុក និងសំពះព្រះខែនៅក្នុងឆ្នាំ២០២៣នេះ ៕
ដោយ ប៊ុន រដ្ឋា




