មេបញ្ជាការសឹករងខេត្តកំពង់ធំ ណែនាំដល់ផ្នែកសឹករងស្ទឹងសែន ត្រៀមកម្លាំងជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងចូលរួមរក្សាការពារសន្តិសុខ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

(កំពង់ធំ)៖ ក្នុងឱកាសត្រួតពិនិត្យវាយតម្លៃការអនុវត្តសកម្មភាពចលនាប្រឡងប្រណាំងបង្កបង្កើនផលចិញ្ចឹមសត្វ លើកស្ទួយជីវភាពរបស់កងទ័ព នៅទីបញ្ជាការផ្នែកសឹករងស្ទឹងសែន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបានប្រគល់ភារកិច្ចសំខាន់ៗដល់ផ្នែកសឹករងស្ទឹងសែន មានទី១-ត្រូវយកចិត្តទុកដាក់ត្រៀមបម្រុង និងចាត់តាំងកម្លាំងជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ឲ្យទាន់ពេលវេលា, ទី២-ត្រូវចូលរួមសហការជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំងបី ដើម្បីរក្សាឲ្យបានសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋជួបជុំសប្បាយរីករាយ ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាននៃផ្នែកសឹករងស្ទឹងសែន ដែលបានអនុវត្តល្អតាមខ្លឹមសារចលនាប្រឡងទាំងប្រណាំងទាំងប្រាំ របស់កងយោធពលខេមរភូមិន្ទ ពិសេសការងារបង្កបង្កើនផលចិញ្ចឹមសត្វ លើកស្ទួយជីវភាពរបស់កងទ័ព ។

លោកវរសេនីយ៍ទោ សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករងស្ទឹងសែន បានរាយការណ៍ថា អនុវត្តតាមផែនការចលនាប្រឡងប្រណាំងនេះ ផ្នែកសឹករងស្ទឹងសែន បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការងារបង្កបង្កើនផលចិញ្ចឹមសត្វ លើកស្ទួយជីវភាពរស់នៅរបស់កងទ័ព ។ ផ្នែកសឹករងស្ទឹងសែន បានចិញ្ចឹមគោ ២២ក្បាល, ត្រីជាង ៦ម៉ឺនក្បាល, មាន់ ទា ក្ងានជាច្រើនក្បាល ព្រមទាំងបានដាំបន្លែបង្ការផ្សេងៗ សម្រាប់បម្រើឲ្យផ្ទះបាយរបស់អង្គភាព ហើយបងប្អូនយោធិននៅក្នុងអង្គភាព ធានាការហូបចុកបានគ្រប់គ្រាន់ បង្កើនបន្ថែមលើគោលរបបដែលក្រសួងការពារជាតិ បានផ្តល់ជូន ៕

ដោយ ប៊ុន រដ្ឋា

ads banner