ខេត្តកណ្តាល បង្ហាញការតាំងចិត្តសម្រេចឱ្យបានផ្គត់ផ្តង់ទឹកស្អាតនៅតាមជនបទនៅត្រឹមឆ្នាំ ២០២៥
កណ្ដាល៖ អាជ្ញាធរខេត្តកណ្តាលបានបង្ហាញការតាំងចិត្តសម្រេចឱ្យបាននូវផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជូនប្រជាជនដែលរស់នៅតាមនៅជនបទ ឱ្យមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយសមធម៌ នៅក្នុងក្រុង/ស្រុកចំនួនពីរនៅត្រឹមឆ្នាំ ២០២៥ តាមរយៈយន្តការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)។
ក្រុង/ស្រុកចំនួនពីរនៃខេត្តកណ្តាលនោះរួមមាន ក្រុងអរិយក្សត្រ និងស្រុកស្អាង ដែលតំបន់ទាំងពីរនេះត្រូវបានបញ្ជាក់ឱ្យដឹងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីស្ថានភាព បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ដែលដឹកនាំដោយ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល និងមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ។

ប្រភពរដ្ឋបាលខេត្តកណ្តាលបានឱ្យដឹងថា តាមរយៈកិច្ចប្រជុំនៅក្រុងអរិយក្សត្រ នៅថ្ងៃទី ៥ ខែតុលានេះលោក នុត ពុធដារ៉ា ជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្ត (PWG) មានប្រសាសន៍ថា ត្រឹមឆ្នាំ ២០២៥ ខាងមុខ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏ដូចរដ្ឋបាលខេត្ត ចង់សម្រេចឱ្យបាននូវចក្ខុវិស័យ នៃផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជូនប្រជាជននៅជនបទ ឱ្យមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយសមធម៌ និងមាននិរន្តរភាព ដើម្បីលើកស្ទួយសុខភាព ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ លោកបញ្ជាក់ថា៖«រដ្ឋបាលខេត្តកណ្តាល បានធ្វើឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះ វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាក់ស្តែង គ្រួសារមានទឹកស្អាតប្រើប្រាស់ មាន ៩០ភាគរយ។ រីឯខ្នងផ្ទះបានប្រើប្រាស់បង្គន់អនាម័យមាន ១០០ភាគរយ ដែលនាំឱ្យខេត្តកណ្តាលទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)នៅឆ្នាំ២០២២»។
លោកបន្ថែមថា ត្បិតថា ខេត្តកណ្តាលទទួលបានជ័យលាភីជាខេត្ត ODF រួចហើយក្តី ប៉ុន្តែការធ្វើឱ្យប្រជាជននៅជនបទ មានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយសមធម៌ និងមាននិរន្តរភាព ដែលជាចក្ខុវិស័យ នៃផែនការយុទ្ធសាស្រ្តជាតិស្តី គឺជាគោលបំណងដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏ដូចរដ្ឋបាលខេត្តកណ្តាលចង់សម្រេចឱ្យបាននៅត្រឹមឆ្នាំ ២០២៥ ដើម្បីលើកស្ទួយសុខភាព ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
នាយករង ប្រចាំ ប្រទេស ទទួលបន្ទុក កម្មវិធី នៃ អង្គការ ភ្លែ ន អន្តរជាតិ លោក យី គឹម ថា ន បានបង្ហាញ ការ សាទរ ចំពោះ ជោគ ជ័យ ខេត្តដែលសម្រេចបាន ODF ខណៈលោក អះអាងថា អង្គការ ភ្លែ ន នឹង បន្ត ការគាំទ្រ ដើម្បីឱ្យ ការងារ អនាម័យ និង ទឹកស្អាត នៅកម្ពុជាបន្ត សម្រេច បាន ជោគជ័យនៅក្នុង តំបន់ គោលដៅ ថ្មី បន្ថែមទៀត ។

លោកបាន បញ្ជាក់ថា ៖« អង្គការ ភ្លែ ន នៅតែមាន ការប្តេជ្ញាចិត្ត ក្នុង ការជួយ គាំទ្រ ការ ព ន្លឿ ន ការចុះពិនិត្យ បញ្ជាក់ និង ប្រកាស ODF ជាមួយ ក្រសួង អភិវឌ្ឍន៍ជនបទ ក្នុង អាណត្តិ ថ្មី នៃ រដ្ឋាភិបាល ។ យើង នឹងធ្វើ ការពង្រឹង បន្ថែមទៀត នៅ ថ្នាក់ជាតិ និង ថ្នាក់ក្រោម ជាតិ ដើម្បី រៀបចំ ផែន ការបញ្ចប់ ការ បន្ទោបង់ ពាសវាល ពាសកាល (ODF) នៅ ខេត្ត ដែល មិនទាន់មាន »។
ជាការកត់សម្គាល់ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ខេត្តកណ្តាលត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសទទួលស្គាល់ថាជាខេត្តទី៣ ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។
បច្ចុប្បន្ននេះកម្ពុជាមានខេត្តចំនួន៦ហើយដែលត្រូវបានប្រកាសទទួលស្គាល់ជាខេត្តដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដែលក្នុងនោះរួមមាន ខេត្តស្វាយរៀង ព្រៃវែង ខេត្តកណ្តាល ខេត្តកែប កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ៕ ដោយ៖ សុខ រក្សា