ធនាគារកណ្តាលថៃ៖ សេដ្ឋកិច្ចថៃអាចប្រឈមនឹងហានិភ័យអតិផរណានាពេលខាងមុខ
ថៃ៖ ទេសាភិបាលធនាគារកណ្តាលថៃ (BoT) លោក Sethaput Suthiwartnaruput បាននិយាយកាលពីថ្ងៃពុធថា ការស្ទុះងើបសេដ្ឋកិច្ចរបស់ថៃនៅដដែល ប៉ុន្តែហានិភ័យអតិផរណាអាចជាបន្ទុកលើទស្សនវិស័យកំណើនសេដ្ឋកិច្ចរបស់ប្រទេសនាពេលអនាគត។ នេះបើតាមការចុះផ្សាយរបស់បាងកកប៉ុស្តិ៍។
លោកប្រាប់វេទិកាធុរកិច្ចមួយកាលពីថ្ងៃពុធថា មានហានិភ័យអតិផរណាកើនឡើងដោយសារតែបាតុភូតអាកាសធាតុអេលនីណូ (El Nino) ដែលជំរុញឱ្យតម្លៃម្ហូបអាហារ បូកនឹងតម្លៃប្រេងសាំងឡើងថ្លៃ។
លោក Sethaput បាននិយាយថា ប្រាក់ឈ្នួលខ្ពស់ និងគោលនយោបាយរបស់រដ្ឋាភិបាល ក៏នឹងរួមចំណែកដល់អតិផរណានាពេលអនាគតផងដែរ។
ការលើកឡើងរបស់លោក ធ្វើឡើងនៅពេលដែលរដ្ឋាភិបាលថៃថ្មី ស្វែងរកការស្តារសេដ្ឋកិច្ចដែលធ្លាក់ចុះ ជាមួយនឹងផែនការជំរុញការចំណាយរបស់អ្នកប្រើប្រាស់។
លោក Sethaput ថា ធនាគារកណ្តាល និងនាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន មានមតិខុសគ្នាលើបញ្ហាសេដ្ឋកិច្ច ប៉ុន្តែភាគីទាំង២ស្តាប់គ្នាទៅវិញទៅមក ក្នុងជំនួបនៅវិមានរដ្ឋាភិបាលកាលពីថ្ងៃចន្ទ។
លោក Sethaput បាននិយាយថា ប្រព័ន្ធហិរញ្ញវត្ថុទាំងមូលរបស់ប្រទេសថៃ មានភាពរឹងមាំ ហើយអាចទប់ទល់នឹងការប៉ះទង្គិចសេដ្ឋកិច្ចពីខាងក្រៅបាន។
គួររំឭកថា កាលពីខែមុន BoT បានដំឡើងអត្រាការប្រាក់សំខាន់ៗរហូតដល់ ២,៥ ភាគរយ ដោយកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះមកត្រឹម ២,៨ ភាគរយពី ៣,៦ ភាគរយដែលបានព្យាករកាលពីលើកមុន។ ទន្ទឹមនេះធនាគារបានបង្កើនទស្សនៈវិស័យឆ្នាំ ២០២៤ ដល់ ៤,៤ ភាគរយ ដោយកើនឡើងពី ៣,៨ ភាគរយ។ កំណើនសេដ្ឋកិច្ចថៃកាលពីឆ្នាំមុន គឺ ២,៦ ភាគរយ៕ ដោយ៖ ហួន ឌីណា