អាជ្ញាធរសៀមរាប សម្រេចបិទការធ្វើចរាចរណ៍ផ្លូវឡើងភ្នំគូលេនខាងកើតទាំងស្រុង ក្រោយពេលមានគ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្សចំនួន២នាក់ និងរបួសជាច្រើននាក់
យោងតាមលិខិជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ថា តាម រយៈការប្រជុំពិភាក្សា និងការចុះពិនិត្យជាក់ស្តែងស្តីពីបញ្ហាប្រឈមគ្រោះថ្នាក់នៃការធ្វើចរាចរណ៍លើផ្លូវកំពុងស្ថាបនាលើខ្នងភ្នំគូលែន ក្រុមការងារបច្ចេកទេសចម្រុះ ដែលមានសមាសភាពមកពីសាលាខេត្តសៀមរាប មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរទេសចរណ៍ខេត្ត រួមនឹងភាគីពាក់ព័ន និងសាលាស្រុកស្វាយលើ បានសង្កេតឃើញថា មានផ្នែកមួយចំនួននៃផ្លូវមិនទាន់មានសុវត្ថិភាព ក្នុងការធ្វើចរាចរណ៍នៅឡើយទេ និងចំណែកទីតាំងមួយចំនួននៅមានគ្រាប់គ្រួសដែលអាចបណ្តាលឲ្យរថយន្តក្នុងស្ថានភាពចុះចំណោតងាយរអិល ចំណុចបត់កោងមួយចំនួនទៀត មានសភាពតូចចង្អៀត និងមិនទាន់បានធ្វើជម្រាលសុវត្ថិភាពនៅឡើយជាដើម ។
នៅក្នុងសេចក្ដីជូនដំណឹងនេះក៏បានបង្ហាញថា ការបិទធ្វើចរាចរណ៍ផ្លូវនេះ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ ដោយក្រុមការងារសម្រេចបិទផ្លូវនេះទាំងស្រុង ចាប់ពីចំណុចផ្លូវឡើងពីស្រុកស្វាយលើរហូតទៅដល់ភូមិតាពេញ គិតចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ តទៅ រហូតដល់ផ្លូវនេះស្ថាបនារួចរាល់ជាស្ថាពរ លើកលែងតែប្រជាជនដែលរស់នៅលើខ្នងភ្នំគូលែន ដែលមានលិខិតឆ្លងកាត់ផ្លូវបញ្ចាក់ពីអាជ្ញាធរមូលដ្ឋានតែប៉ុណ្ណោះ ។ អាជ្ញាធរជាតិអប្សរាក៏មានសង្ឃឹមយ៉ាងមុតមាំថា គ្រប់ក្រសួង-ស្ថាប័ន មន្ទីរ អង្គភាព ស្ថាប័នជាតិ-អន្តរជាតិសមាគមទីភ្នាក់ងារទេសចរណ៍ និងសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ,មគ្គុទ្ទេសក៍ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍សមាគមអ្នកបើកបរដឹកជញ្ជូនភ្ញៀវទេសចរ អ្នកបើកបរដឹកជញ្ជូនភ្ញៀវទេសចរ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និង ចូលរួមអនុវត្តបាន ល្អប្រសើរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែកក្កដានេះ រថយន្តដឹកអ្នកដំណើរធុនធំ២៤កៅអី បានក្រឡាប់ផ្ងាជើងបង្កឲ្យមាន អ្នករងរបួសរហូត១២នៅចំណុចផ្លូវកោងចុះចំណោត ហើយនៅថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៩នេះដែរ រថយន្ដម៉ាកសាំយ៉ុងមួយគ្រឿងបានក្រឡាប់ នៅតាមបណ្ដោយផ្លូវចុះពីភ្នំគូលេនដែលកំពុងធ្វើថ្មី ស្ថិតនៅចំណុចភូមិតាពេញ ឃុំខ្នងភ្នំ បណ្ដាលឲ្យភ្ញៀវទេសចរណ៍ជនជាតិចិន២នាក់ស្លាប់ និង១១នាក់ទៀតរបួសធ្ងន់និងស្រាល បញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ដសៀមរាប ក្នុងខណៈដែលរថយន្ដនោះ មានភ្ញៀវទេសចរណ៍ជិះ១៣នាក់ ចេញពីតំបន់ទេសចរណ៍ព្រះអង្គធំ ភ្នំគូលែន ។ សូមបញ្ជាក់ផង ដែរថា មកដល់ថ្ងៃទី២៣ កក្កដានេះ ជនជាតិចិនរងគ្រោះធ្ងន់ ក៏បានស្លាប់ម្នាក់ទៀត ដោយពួកគាត់មានភាពចាស់ជរា ហើយធ្វើឲ្យរងរបួសគ្រាំក្នុង ស្លាប់នៅមន្ទីរពេទ្យចិន រស្មីអង្គរ ខេត្តសៀមរាប ៕ ម៉ី សុខារិទ្ធ