រដ្ឋមន្ត្រីក្រសួងកសិកម្ម ផ្តល់អនុសាសន៍សំខាន់ៗចំនួន៤ចំនុច ដល់មន្រ្តីរាជការ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិសិ្សត សម្រាប់ជាទិសដៅអនុវត្ត ក្នុងពិធីបើកការ ការពារសារណាថ្នាក់បរិញ្ញាវិទ្យាសាស្រ្តកសិកម្ម ឆ្នាំ២០១៨-២០១៩

អត្ថបទដោយ៖
Kien Sereyvuth

នៅសាលាជាតិកសិកម្មព្រែកលៀប នាព្រឹកថ្ងៃ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការ ការពារសារណាថ្នាក់បរិញ្ញាវិទ្យាសាស្រ្តកសិកម្ម ឆ្នាំ២០១៨-២០១៩ ។
លោកបណ្ឌិត ធន់ វឌ្ឍនា នាយកសាលាជាតិកសិកម្មព្រែកលៀប បានរាយការណ៍ជូនអង្គពិធីជ្រាបថា បច្ចុប្បន្នសាលាមាននិស្សិតកំពុងសិក្សាចំនួន៩៩៣នាក់ បែងចែកជា០៩ជំនាញរួមមាន÷ ជំនាញវិទ្យាសាស្ត្រកសិកម្ម វិទ្យាសាស្ត្រនិងវេជ្ជសាស្ត្រសត្វ ព្រៃឈើ ជលផល សាកវប្បកម្ម ផ្សព្វផ្សាយនិងអភិវឌ្ឍន៍ជនបទ សេដ្ឋកិច្ចកសិកម្ម កសិឧស្សាហកម្ម សុរិយោដីនិងវិស្វកម្មកសិកម្ម។ បច្ចុប្បន្នសាលាបានធ្វើសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យនានាមួយចំនួននៅលើពិភពលោក ក្នុងគោលបំណងធ្វើការបណ្តុះបណ្តាល សិក្សាស្រាវជ្រាវ ផ្លាស់ប្តូរសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិត ដើម្បីបង្កើនសមត្ថភាពធនធានមនុស្សសម្រាប់ការ អប់រំ បណ្តុះបណ្តាលនៅទីនេះឲ្យកាន់តែល្អប្រសើរជាលំដាប់ ស្របតាមការវិវឌ្ឍន៍រីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច សង្គមវិទ្យាសាស្ត្រ និងបច្ចេកទេសទាំងក្នុងតំបន់ និងនៅលើពិភពលោក។ ពាក់ព័ន្ធនឹងពិធីនាពេលនេះមាននិស្សិតសរុបចំនួន១៧៥នាក់ ដែលត្រូវធ្វើការការពារសារណាថ្នាក់បរិញ្ញាវិទ្យាសាស្ត្រកសិកម្មសម្រាប់ឆ្នាំ ២០១៨-២០១៩។
ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការទាំងអស់ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងស្មារតីយកចិត្តទុកដាក់ ទទួលខុសត្រូវចំពោះកាតព្វកិច្ចចំបងរបស់ខ្លួនក្នុងការអប់រំ បណ្តុះបណ្តាលទាំងចំណេះដឹង ចំណេះធ្វើ សីលធម៌ សុជីវធម៌ដល់និស្សិត ក្នុងបំណងជួយលើកតម្កើនសមត្ថភាពធនធានមនុស្ស ក្នុងវិស័យកសិកម្ម ដើម្បីឲ្យពួកគេចូលរួមអភិវឌ្ឍន៍វិស័យនេះបន្ទាប់ពីបញ្ចប់ការសិក្សា។ ឯកឧត្តមបានបន្តថា ការបណ្តុះបណ្តាលធនធានមនុស្សក្នុង     វិស័យកសិកម្មមិនអាចឈប់ទ្រឹងបានទេ ផ្ទុយទៅវិញត្រូវតែបន្តដំំណើរទៅមុខប្រកបដោយភាពចរឹងមាំ ច្បាស់លាស់ ក្នុងទិសដៅតែមួយគឺចូលរួមអនុវត្តគោលនយោបាយចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មឲ្យមានការរីកចម្រើនប្រកបដោយចីរភាព និងនិរន្តរភាព។ ដូច្នេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនដល់មន្រ្តីរាជការ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិសិ្សតទាំងអស់សម្រាប់ជាទិសដៅអនុវត្តបន្តដូចជា៖
ទី១- គណៈកម្មការរដ្ឋ និងក្មួយៗនិស្សិត ត្រូវយកចិត្តទុកដាក់លើទម្រង់សរសេរ លទ្ធផលស្រាវជ្រាវ និងការបកស្រាយខ្លឹមសារ ដែលអាចយកជាឯកសារផ្លូវការបានទាំងបច្ចេកទេស និងវិទ្យាសាស្រ្ត និងជាពិសេសអាចដោះស្រាយបញ្ហាប្រឈមកើតចេញពីការវិវឌ្ឍនៃប្រទេសជាតិក្នុងកម្រិតមួយដែលកើតឡើងក្នុងវិស័យកសិកម្មនាពេលបច្ចុប្បន្ន។
ទី២- និស្សិតដែលត្រូវឡើងការពារសារណានាពេលនេះ ត្រូវបង្ហាញនូវសមត្ថភាព និងចំណេះដឹងឲ្យអស់លទ្ធភាពដើម្បីធ្វើការវាស់ស្ទង់ចំណេះដឹងផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែងតាមរយៈលទ្ធផលស្រាវជ្រាវអស់រយៈពេល៦ខែ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មរបស់ក្រសួង គឺទំនើបកម្មកសិកម្ម និងយន្តពាណិជ្ជកម្មកសិកម្ម។
ទី៣- សមាជិក សមាជិកានៃគណៈកម្មការរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យ វាយតម្លៃ ផ្តល់ពិន្ទុឲ្យបានសុក្រឹត្យប្រកបដោយតម្លាភាព និងសច្ចភាព។
ទី៤- លើកទឹកចិត្តដល់ក្មួយៗនិស្សិតគ្រប់រូប ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សាស្រាវជ្រាវ បង្កើនសមត្ថភាពទាំងចំណេះដឹង និងចំណេះធ្វើ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ ឌីជីថលភាវូបនីយកម្ម និងនាពេលអនាគត៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner