មនុស្សស្លាប់កើនដល់ ៤០នាក់ ក្នុងហេតុការណ៍បាក់បឹងទឹកកកនៅឥណ្ឌា
ញូវដែលី៖ ក្រុមមន្រ្តីបានឱ្យដឹងនៅថ្ងៃទី៦ ខែតុលាថា យ៉ាងហោចណាស់មនុស្ស ៤០នាក់បានស្លាប់ នៅក្នុងគ្រោះទឹកជំនន់ភ្លាមៗ ដែលជន់លិចភាគឦសាននៃប្រទេសឥណ្ឌា។
បឹង Lhonak ក្នុងរដ្ឋ Sikkim ភាគឦសាននៃភ្នំហិម៉ាឡៃ របស់ប្រទេសឥណ្ឌា ដែលស្ថិតនៅជិតព្រំដែននេប៉ាល់ និងចិន បានហក់ឡើងខ្ពស់រហូតដល់បាក់ច្រាំងកាលពីថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងការធ្លាក់ព្រិល ដែលបណ្តាលឱ្យមានទឹកជំនន់ដ៏ធំនៅក្នុងទន្លេ Teesta។ ហើយជាលទ្ធផលនោះ មានមនុស្សយ៉ាងហោចណាស់ ៤០នាក់បានស្លាប់ ខណៈដែលកងទ័ពគ្រោងបញ្ចូនឧទ្ធម្ភាគចក្រទៅជួយសង្គ្រោះមនុស្សរាប់ពាន់នាក់ ដែលកំពុងជាប់គាំងដោយសារទឹកជំនន់។
យោងតាមប្រភពពីអាជ្ញាធរក្នុងតំបន់ បានអោយដឹងថា មនុស្សជិត ៨,០០០នាក់កំពុងជ្រកកោណនៅជំរុំសង្គ្រោះបណ្តោះអាសន្ន ដែលត្រូវបានបង្កើតឡើងនៅតាមសាលារៀន, ការិយាល័យរដ្ឋាភិបាល និងផ្ទះសំណាក់។ ជាមួយគ្នានេះ អ្នកវិទ្យាសាស្ត្រផ្នែកឧតុនិយមបានព្រមានថា គ្រោះមហន្តរាយស្រដៀងគ្នានេះ នឹងក្លាយជាគ្រោះថ្នាក់កាន់តែខ្លាំងឡើងនៅទូទាំងតំបន់ភ្នំហិម៉ាឡៃ នៅពេលដែលសីតុណ្ហភាពពិភពលោកកើនឡើង និងទឹកកករលាយ។
សូមរម្លឹកថា របាយការណ៍ឆ្នាំ ២០២០ របស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសឥណ្ឌា បាននិយាយថា បឹងទឹកកកជាច្រើនកំពុងរីកផ្ទៃ និងបង្កហានិភ័យដ៏ធំធេងដល់ហេដ្ឋារចនាសម្ព័ន្ធ និងជីវិតនៅខាងក្រោមបឹង ខណៈផ្ទាំងទឹកកកនៅតំបន់ភ្នំហិមាឡៃ ស្ថិតក្នុងដំណាក់កាលថមថយ ដោយសារការប្រែប្រួលអាកាសធាតុ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា






