អង់គ្លេស និងអ៊ីតាលីប្តេជ្ញាកម្ចាត់ក្រុមជួញដូរមនុស្ស និងទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់

ឡុងដ៍៖ មេដឹកនាំអង់គ្លេស និងអ៊ីតាលី នៅថ្ងៃទី៦ ខែតុលា បានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីកម្ចាត់ក្រុមរត់ពន្ធមនុស្ស និងកាត់បន្ថយការធ្វើអន្តោប្រវេសន៍នៅទូទាំងទ្វីបអឺរ៉ុប។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីសស៊ី ស៊ូណាក់ និងសមភាគីអ៊ីតាលី លោកស្រី ចចជៀ មេឡូនី បានប្តេជ្ញាថា នឹងជំរុញពិភាក្សាអំពីការមកដល់របស់ជនភៀសខ្លួនតាមទូកតូចៗ តាមរយៈដែនសមុទ្រមេឌីទែរ៉ាណេ និងការជួញដូរមនុស្ស៊ខុសច្បាប់។ ប៉ុន្តែមេដឹកនាំទាំងពីរត្រូវបានគេរាយការណ៍ថា ហាក់បង្ហាញការមិនពេញចិត្តចំពោះនាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក ផេត្រូ សាន់ឆេស ដែលបានបដិសេធមិនដាក់បញ្ហាទាំងនេះ ទៅក្នុងរបៀបវារៈផ្លូវការនៅឯកិច្ចប្រជុំកំពូលនៃសហគមន៍គោលនយោបាយអឺរ៉ុប។

មេដឹកនាំអង់គ្លេស និងអ៊ីតាលី បានគូសបញ្ជាក់យ៉ាងដូច្នេះថា បញ្ហានេះជាវិបត្តិសីលធម៌ ដោយក្រុមឧក្រិដ្ឋជនបានកេងប្រវ័ញ្ច និងកើបផលប្រយោជន៍ពីភាពរងទុក្ខវេទនារបស់ជនងាយរងគ្រោះ។ មិនតែប៉ុណ្ណោះ វាក៏ជាវិបត្តិមនុស្សធម៌ផងដែរ ដោយសារតែជារឿយៗមានការលិចកប៉ាល់ដឹកជនចំណាកស្រុក ដែលពុំមានសុវត្ថិភាព ហើយជាលទ្ធផលនោះ មានមនុស្សច្រើនជាង ២,០០០នាក់រួចហើយបានស្លាប់នៅក្នុងឆ្នាំ២០២៣នេះ។

មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់ទៀតថា ក្នុងនាមជានាយករដ្ឋមន្រ្តីនៃប្រទេសអ៊ីតាលី និងអង់គ្លេស ពួកយើងកំពុងធ្វើការរួមគ្នា ដើម្បីបញ្ឈប់លំហូរជនអន្តោប្រវេសន៍តាមទូកតូចៗ ហើយយើងក៏កំពុងអំពាវនាវឱ្យមេដឹកនាំដទៃទៀតធ្វើសកម្មភាពជាបន្ទាន់ដូចគ្នាផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner