ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ សមរភូមិក្រោយជួយ ឧបត្ថម្ភ ដល់សមរភូមិមុខ គឺជាប្រពៃណីដ៏ល្អ ហើយក៏ជាវប្បធម៌ចែក រំលែកផងដែរ
(កំពង់ស្ពឺ)៖ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ណប្រពៃណីជាតិ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា នេះគឺជាប្រពៃណីដ៏ល្អមួយរវាងសមរភូមិក្រោយជួយឧបត្ថម្ភដល់សមរភូមិមុខ ហើយវាក៏ជាវប្បធម៌ចែករំលែកផងដែរ ដែលក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ រួមជាមួយវិស័យឯកជន បានចងសម្ព័ន្ធមេត្រីភាពរជាមួយកងកម្លាំងបញ្ជាការដ្ឋានយោធភូមិភាគទី៣។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណ ដល់នាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ដែល បានលះបង់ គ្រប់បែបយ៉ាង ដើម្បីការពារបូរណៈភាពទឹកដី ឲ្យបានគង់វង្ស និងផ្តល់នូវសុខសន្តិភាព ជូនប្រទេសជាតិមាតុភូមិ។
ឯកឧត្តម សាយ សំអាល់ និង ប្រតិភូអំដំណើរ បានលើកទឹកចិត្តផ្តល់ជូនដល់កងទ័ព រួមមានរថយន្ត គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស និងថវិកាមួយចំនួនបន្ថែមទៀត ។
សូមបញ្ជាក់ថា អតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់កិត្តិយសបង្កើតឱ្យមានការចងសម្ព័ន្ធភាពរវាងក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និងបញ្ជាការដ្ឋានយោធភូមិភាគទី៣ រួមជាមួយក្រុមហ៊ុន អិល វ៉ាយ គ្រុប ដើម្បីលើកកម្ពស់វិស័យការពារជាតិ មានកិច្ចសហប្រតិបត្តិការជាមួយគ្នាល្អ ព្រមទាំងបានធ្វើការផ្គត់ផ្គង់ ឧបត្ថម្ភគាំទ្រ ក្នុងការកសាងទីតាំងអង្គភាពការពារសន្តិសុខ និងការពារទឹកដីដ៏រ៉ឹងមាំ ៕
ដោយ ង៉ាន់ ទិត្យ





