រដ្ឋបាលខេត្តបាត់ដំបង ជំរុញឲ្យមន្ទីរនិងអាជ្ញាធរពាក់ព័ន្ធគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ឆ្លើយតបពីតម្រូវការចាំបាច់ របស់ មនុស្សចាស់នៅតាមមូលដ្ឋាន
(ខេត្តបាត់ដំបង)៖ ក្នុងឱកាសប្រារព្ធនូវទិវាមនុស្សចាស់កម្ពុជានិង មនុស្សចាស់អន្តរជាតិ ០១ តុលា ២០២៣ ក្រោមប្រធានបទ «ការជួយមនុស្សចាស់គឺជួយ យើងទាំងអស់គ្នា» ដែលរៀបចំដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិង យុវនីតិសម្បទា ខេត្តបាត់ដំបង លោក ផេង សិទ្ធី អភិបាលរងខេត្ត តំណាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងថា ៖”មនុស្សចាស់គឺជាមរតករស់ ដែលយើងគ្រប់គ្នាអាចពឹងផ្អែក និងស្វែងរកជំនួយបាន ទាំងផ្នែកបញ្ញាស្មារតី ប្រវត្តិសាស្ត្រ នឹងបទពិសោធន៍នៃរបត់សង្គមនីមួយៗ ។
លោក បន្តទៀតថា៖ តាមរយៈនៃការផ្តល់នូវដំបូន្មាននិងការប្រៀនប្រដៅល្អប្រកបដោយគតិបណ្ឌិតរបស់ចាស់ព្រឹទ្ធាចារ្យក៏បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ចូលរួមចំណែកក្នុងការអប់រំនូវសីលធម៌ គុណធម៌ វប្បធម៌និងវប្បធម៌ប្រកបដោយអហឹង្សានៅក្នុងសង្គមជាតិ ថែមទៀតផង។ ដែលនេះ គឺជាការរួមចំណែក ធ្វើឲ្យប្រជាជន ជាពិសេសយុវជនកម្ពុជា ក្លាយជាធនធានមនុស្សសម្រាប់ជាសសរទ្រូងនៃប្រទេសជាតិដ៏រឹងមាំ និងជាប្រជាជនគំរូ ប្រកបដោយភាពថ្លៃថ្នូរ មាមក្រមសីលធម៌ និងចរិយាធម៌យ៉ាងល្អប្រសើរ។ ហើយដែលកូនចៅគ្រប់ជំនាន់ គ្រប់ៗរូប ត្រូវខិតខំថែទាំ និងតបស្នងគុណ លោកយាយ លោកតា មាតា-បិតា របស់ខ្លួន ដើម្បីបង្ហាញពីកាយវិការដ៏ប្រពៃរ៍ទាំងនេះ សម្រាប់ឆ្លុះបញ្ចាំងនិងធ្វើជាគំរូដល់មនុស្សជំនាន់ក្រោយៗទៀត។
លោក ភួង សិទ្ធិ ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទា ខេត្តបាត់ដំបងបានគូសបញ្ជាក់ថា៖នៅគ្រប់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាក់ស្តែងរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា តែងតែផ្តោតនិងផ្តល់នូវការយកចិត្តទុកដាក់លើការងារមនុស្សវ័យចាស់ ជាអាទិភាពក្នុងចំណោមគោលនយោយអាទិភាពនានា នៃ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះរួមមាន៖ “ការអភិវឌ្ឍមូលធនមនុស្ស” “ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង” និង”ប្រព័ន្ធគាំពារសង្គមឈរលើស្មារតី” មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់” ជាដើម ។
ឯកឧត្តម ផេង សិទ្ធី បានអំពាវនាវដល់គ្រប់ស្ថាប័នមន្ទីរអង្គភាពិងភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ដើម្បីឲ្យការងារវិស័យសុខុមាលភាពមនុស្សចាស់នៅក្នុងខេត្តបាត់ដំបង មានដំណើរការកាន់តែល្អប្រសើរ គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវតែខិតខំយកចិត្តទុកដាក់ខ្ពស់បំផុតនិងចូលរួមរិះរកគ្រប់មធ្យោបាយសមស្របនានា ដើម្បីឆ្លើយតប និងដោះស្រាយនូវបញ្ហាទាំងនោះប្រកបដោយប្រសិទ្ធភាព និង ស័ក្តសិទ្ធិភាព និងដើម្បីជំរុញដល់ប្រសិទ្ធិភាពក្នុងការដឹកនាំសំដៅឆ្លើយតបបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ជូនដល់ប្រជាពលរដ្ឋវ័យចាស់ ក្នុងខេត្តយើង ៕
(អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)





