ប្រមុខគោលនយោបាយការបរទេសអឺរ៉ុបគ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននៅសប្តាហ៍ក្រោយ

ព្រុចសែល៖ មន្រ្តីអឺរ៉ុបមួយរូបបាននិយាយនៅថ្ងៃទី៦ ខែតុលានេះថា ប្រធានគោលនយោបាយការបរទេសអឺរ៉ុប លោក ចូសេប បូរ៉ែល នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននាសប្តាហ៍ក្រោយ បន្ទាប់ពីលោកបានបោះបង់គម្រោងនេះចំនួនពីរលើករួចហើយនៅក្នុងឆ្នាំនេះ។

មន្រ្តីអឺរ៉ុបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា ប្រធានគោលនយោបាយការបរទេសអឺរ៉ុប លោក ចូសេប បូរ៉ែល នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិនរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ទី១៤ ខែតុលាខាងមុខនេះ។ បើតាមមន្រ្តីអឺរ៉ុបដដែល លោក បូរ៉ែល គ្រោងនឹងជួបជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ព្រមទាំងបញ្ហាគោលនយោបាយការបរទេស និងសន្តិសុខ។

សហភាពអឺរ៉ុបកំពុងជំរុញធ្វើឱ្យមានតុល្យភាពជាមួយប្រទេសចិន ជុំវិញការព្រួយបារម្ភរបស់ខ្លួន នៅក្នុងការពឹងផ្អែកខ្លាំងលើទីក្រុងប៉េកាំង ខណៈពេលចង់រក្សាទំនាក់ទំនងជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកមួយនេះផងដែរ។ វិធីសាស្រ្តនេះ អាចនឹងក្លាយជាចំណុចស្នូលនៃកិច្ចពិភាក្សារបស់លោក បូរ៉ែល ជាមួយមន្រ្តីចិន បន្ទាប់ពីសហភាពអឺរ៉ុបបានចាត់វិធានការជាបន្តបន្ទាប់ ដែលបានធ្វើឱ្យចិនខឹងសម្បារជាខ្លាំង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner