ក្រុមហ៊ុន VinFast របស់វៀតណាម រកចំណូលបានជាង ៣៤២លានដុល្លារ កើនឡើង ១៥៩ភាគរយក្នុងត្រីមាសទី៣ ឆ្នាំ២០២៣
ហាណូយ៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast បានរាយការណ៍ពីការកើនឡើងប្រាក់ចំណូលរហូតដល់ ១៥៩ភាគរយនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ ដោយសារការលក់រថយន្តស្ទុះឡើងខ្លាំង។
នៅក្នុងឯកសារដែលបានដាក់ជូនគណៈកម្មការមូលបត្រអាមេរិកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមហ៊ុន VinFast បានបញ្ជាក់ថា ប្រាក់ចំណូលសរុបរបស់ខ្លួននៅក្នុងត្រីមាសទី៣ឆ្នាំនេះ មានចំនួន ៣៤២.៧លានដុល្លារ កើនឡើង ១៥៩ភាគរយ។

ការលក់រថយន្តនៅត្រីមាសទី៣ របស់ VinFast បានកើនឡើងដល់ ៣១៩,៥លានដុល្លារ កើនឡើង ១៨៥ភាគរយ បើធៀបនឹងឆ្នាំមុន។រថយន្តអគ្គិសនីរបស់ VinFast ច្រើនជាង ១០,០០០គ្រឿងត្រូវបានចែកចាយក្នុងអំឡុងពេលត្រីមាសទី៣ឆ្នាំ២០២៣នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែ ១៥៣គ្រឿងប៉ុណ្ណោះ។
ទោះបីជាមានការខាតបង់ចំនួន ២ពាន់លានដុល្លារក្នុងឆ្នាំ២០២២ និងជាង ១ពាន់លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំ២០២៣ក៏ដោយ ក៏ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast របស់វៀតណាម បានចាប់ផ្ដើមការជំរុញដ៏សំខាន់មួយ ដើម្បីក្លាយខ្លួនជាក្រុមហ៊ុនឈានមុខគេមួយលើពិភពលោក នៅក្នុងទីផ្សាររថយន្តអគ្គិសនី (EV)៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

