កម្ពុជា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយ ទៅបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលានេះ
(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ យោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម បានជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ឱ្យដឹងថា ៖ កម្ពុជា បន្តទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើប៉ែកខាងក្រោមនៃអាងមេគង្គ ថៃ ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីបក់មធ្យម។ ចំណែក ព្យុះទី១៤ ឈ្មោះ កយនុយ” Koinu” បាននិងកំពុងស្ថិតនៅភាគខាងលើសមុទ្រចិនខាងត្បូង។ តាមការព្យាករ ព្យុះនេះនឹងដើរចូលទៅដល់ឈូងតុងកឹងនៅថ្ងៃទី១១ ខែតុលា មុននឹងថមថយឥទ្ធិពលជាលំដាប់ ព្យុះនេះពុំមានឥទ្ធិពលមកដល់លើកម្ពុជាទេ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
ចាប់ពីនៅថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា រាជធានីភ្នំពេញ និង បណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយ ទៅបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៥០-៧០%។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕
ដោយ ៖ ភារ៉ា និង ប៊ុនធី



