ប.ស.ស និងអង្គការអុកស្វាម សហការគ្នារៀបចំវទិកាប្រចាំឆ្នាំថ្នាក់តំបន់ ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិត

(ខេត្តស្វាយរៀង)៖ ថ្ងៃនេះបេឡាជាតិសន្តិសុខសង្គម (បសស) និងអង្គការអុកស្វាម រៀបចំវេទិកាប្រចាំឆ្នាំថ្នាក់ តំបន់ ក្រោមប្រធានបទ «ដំណើរឆ្ពោះទៅរបប សន្ដិសុខសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបយេនឌ័រ និងជាសកលនៅកម្ពុជា» នៅខេត្តស្វាយរៀង។

វេទិកានៅខេត្តស្វាយរៀងនេះ គឺជាវេទិកាទី២បន្ទាប់ពី វេទិកានៅខេត្តព្រះសីហនុកាលពីថ្ងៃទី១៧ ខែកញ្ញាដែរ ដែលមានអ្នកចូលរួមប្រមាណជាង ១០០នាក់ រួមមានថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិត តំណាងក្រសួង មន្ទីរ និងរដ្ឋបាលខេត្ត មកពី ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ព្រៃវែង និងស្វាយរៀងផ្ទាល។

វេទិកានេះរៀបចំឡើងក្នុងគោលបំណង ពិភាក្សាពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីលើកកម្ពស់ប្រព័ន្ធគាំពារសង្គម ប្រកបដោយបរិយាបន្ន ឆ្លើយតបយេនឌ័រ និងជាសកលនៅកម្ពុជា។

វេទិកាប្រចាំឆ្នាំថ្នាក់តំបន់នេះ ជាឱកាសសម្រាប់ភាគីពាក់ព័ន្ធពិភាក្សាគោលនយោបាយ ក្នុងន័យ ស្វែងយល់ពីបញ្ហាប្រឈម និងត្រិះរិះស្វែងរកដំណោះស្រាយរវាងអ្នកឯកទេស អ្នកតាក់តែងគោល នយោបាយ និងអ្នកផ្តល់សេវាក្នុងក្របខណ្ឌរបបសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាង កម្មករនិយោជិត និងដើម្បីជំរុញកម្ពុជាឱ្យឆ្ពោះទៅប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបនឹង យេនឌ័រ និងជាសកល ។

លោកស្រី សុខ ច័នឆវីប្រធានកម្មវិធីអង្គការអុកស្វាម មានប្រសាសន៍ថា «បេសកកម្មរបស់ អង្គការអុកស្វាម គឺ ដើម្បីលុបបំបាត់ភាពក្រីក្រ និងអយុត្តិធម៌ ហើយយើងបានប្ដេជ្ញាធ្វើការជាមួយ និងគាំទ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធដើម្បីកាត់បន្ថយភាពក្រីក្រ និងវិសមភាពក្នុងចំណោមកម្មករ និយោជិតក្នុងវិស័យកាត់ដេរ កសិករខ្នាតតូច កម្មករធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលភាគច្រើនជាស្រ្តី និងអ្នកម្ដាយ ដើម្បីធានាលទ្ធភាពរបស់ពួកគេក្នុងការទទួលបានរបបសន្តិសុខសង្គម។ ការទទួលបាន ការគាំពារសង្គម គឺមានសារៈសំខាន់ណាស់សម្រាប់កម្មករនិយោជិត និងក្រុមគ្រួសាររបស់ពួកគេ ព្រោះវា ជួយទ្រទ្រង់សុខុមាលភាពរបស់ពួកគេ បង្កើនភាពធន់ និងកាត់បន្ថយហានិភ័យនានាដែលបណ្តាលពី គ្រោះមហន្តរាយ ឬជំងឺរាតត្បាតជាសកល និងទប់ស្កាត់ការធ្លាក់ចូលទៅក្នុងស្ថានភាពក្រីក្រជាដើម»។

បន្ទាប់ពីនេះ វេទិកាប្រចាំឆ្នាំនេះនឹងត្រូវរៀបចំ និងបិទបញ្ចប់នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ និងតំណាងក្រសួង មន្ទីរ អ្នកឯកទេស អ្នកតាក់តែងគោលនយោបាយ ក៏ដូចជាថ្នាក់ដឹកនាំ មូលដ្ឋាន និងតំណាងកម្មករនិយោជិត មកពីគ្រប់វិស័យ ដើម្បីធ្វើការពិភាក្សា និងត្រិះរិះស្វែងរកដំណោះ ស្រាយរួមគ្នា ក្នុងន័យដើម្បីលើកកម្ពស់ប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបយេនឌ័រ និង ជាសកល នៅកម្ពុជា ៕

ប្រភព ៖ អង្គការអុកស្វាម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner