រុស្ស៊ីអំពាវនាវឱ្យប៉ាឡេស្ទីន និងអ៊ីស្រាអែលបង្កើតបទឈប់បាញ់
មូស្គូ៖ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Mikhail Bogdanov បានប្រាប់សារព័ត៌មាន TASS ថា រុស្ស៊ីកំពុងទំនាក់ទំនងជាមួយអ៊ីស្រាអែល ប៉ាឡេស្ទីន និងបណ្តាប្រទេសអារ៉ាប់ ហើយអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ក្នុងជម្លោះបង្កើតបទឈប់បាញ់។
អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Mikhail Bogdanov បានគូសបញ្ជាក់យ៉ាងដូច្នេះថា ការប៉ះទង្គិចគ្នាចុងក្រោយនេះ គឺជាការកើតឡើងវិញនៃជម្លោះដែលមានអាយុកាល ៧៥ឆ្នាំមកហើយ។ ទីក្រុងមូស្គូកំពុងទាក់ទងជាមួយគ្រប់ភាគី រួមទាំងរដ្ឋអារ៉ាប់ផងដែរ ហើយយើងអំពាវនាវឱ្យមានបទឈប់បាញ់ និងរក្សាសន្តិភាពជាបន្ទាន់។
លោក Bogdanov បានសង្កត់ធ្ងន់ថា ដំណើរការសន្តិភាពនៅតំបន់មជ្ឈិមបូព៌ាត្រូវតែចាប់ផ្តើម ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ យើងជំរុញឱ្យចាប់ផ្តើមដំណើរការសន្តិភាពជាបន្ទាន់ ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងដែលទទួលស្គាល់ជាអន្តរជាតិដែលមានស្រាប់។
សូមបញ្ជាក់ថា ការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានសម្លាប់ជនជាតិអ៊ីស្រាអែលជាង ២០០នាក់ និងរបួស ១,០០០នាក់។ ហើយជាការវាយប្រហារសងសឹករបស់អ៊ីស្រាអែលវិញ ក៏បានសម្លាប់មនុស្សយ៉ាងតិច ២៣២នាក់ និងជិត ១,៧០០នាក់ផ្សេងទៀតរងរបួស៕ ប្រភព៖ TASS ប្រែសម្រួលដោយ៖ ឈឹម ទីណា





