អង្គការភ្លែន នឹងបន្តយុទ្ធសាស្រ្តគ្រប់ជ្រោយក្នុងការផ្តល់សិទ្ធិអំណាចដល់ក្មេងស្រីនៅកម្ពុជារយៈពេលបីឆ្នាំទៀត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អង្គការភ្លែនអន្តរជាតិកម្ពុជា នឹងបន្តអនុវត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរយៈពេលបីឆ្នាំទៀត ក្នុងការផ្តល់សិ​ទ្ធិ​អំណាចដល់ក្មេងស្រីនៅក្នុងប្រទេសកម្ពុជាដើម្បីបង្កើតឱកាសសម្រាប់​ពួកគេបញ្ចេញសំឡេង។

ផែនការយុទ្ធសាស្ត្របីឆ្នាំនេះ ត្រូវបានបង្ហាញឡើងនៅពេលដែល អង្គការភ្លែនអន្តរជាតិកម្ពុជា សហការជា​មួ​យក្រុម​យុវជន រៀបចំការសម្តែងមួយ​ នៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរទិវាអន្ដរជាតិក្មេងស្រី ក្រោមប្រ​ធា​នបទ «រួមគ្នា គាំទ្រភាពជាអ្នកដឹកនាំរបស់ក្មេងស្រ្តីក្នុងយុគសម័យឌីជីថល» កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ​២០២៣កន្លងទៅនេះ​។

សេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៧ ខែតុលា របស់​អង្គការភ្លែនអន្តរជាតិ​បាន​បញ្ជាក់ថា ៖ «ការសម្តែងនេះ មានគោលបំណងដើម្បីទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនដែលមកពីស្ថាប័នឯកជន ស្ថានទូត ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីគាំទ្រដល់ក្មេងស្រីក្នុងការដើរតួជាអ្នកដឹកនាំក្នុងយុគសម័យឌីជីថលនេះ»។

ចំណែកផែនការយុទ្ធសាស្រ្តបីឆ្នាំវិញ គឺមានគោលបំណងជួយដល់ក្មេងស្រីឱ្យរៀនដឹកនាំ សម្រេចចិត្ត និងរីកចម្រើន។ ទិវាអន្ដរជាតិក្មេងស្រី ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី១១ ខែតុលា ដើម្បីទទួលស្គាល់សិទ្ធិរបស់ក្មេងស្រី និងបញ្ហាប្រឈមដែលក្មេងស្រីជុំវិញពិភពលោកជួបប្រទះ និងផ្តោតសំខាន់លើការលើកកម្ពស់សិទ្ធិអំ​ណាចរបស់ក្មេងស្រី និងការបំពេញសិទ្ធិមនុស្សរបស់ពួកគេ។

លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជាបានអំពាវនាវឱ្យគ្រប់ភាគី រួមទាំងក្មេងស្រី ផ្ស​ព្វ​ផ្សាយ និងផ្តល់លំហរសុវត្ថិភាព និងគួរឱ្យគោរពសម្រាប់ក្មេងស្រី និងស្ត្រីវ័យក្មេង ក្នុងការកាន់តួនាទីជាអ្ន​កដឹកនាំ តាមរយៈសកម្មភាពជាច្រើន ដូចជា «រត់ដើម្បីក្មេងស្រី និងរត់សម្រាប់ទាំងអស់គ្នា។

យោងតាមការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ ២០២១-២០២២ ក្មេងស្រី១៩ភាគរយ និងស្ត្រីវ័យក្មេ​ងដែលមានអាយុក្រោម១៨ឆ្នាំ និងក្មេងប្រុស និងបុរសវ័យក្មេងចំនួន ៦ភាគរយ ត្រូវបានបង្ខំឱ្យរៀបអាពាហ៍ពិ​ពាហ៍។ លើសពីនេះទៀត ក្មេងស្រីដែលមានអាយុ ១៥ឆ្នាំ ចំនួន១,៨ភាគរយ ត្រូវបានបង្ខំឱ្យរៀបអាពាហ៍ពិពាហ៍។

អង្គការភ្លែនអន្តរជាតិកម្ពុជា នឹងប្រារព្ធទិវាអន្ដរជាតិក្មេងស្រី២០២៣ នៅក្នុងខេត្តគោលដៅមួយចំនួន​ដូចជា៖ ខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង នៅក្នុងខែតុលានេះ​ ជាមួយនឹងសកម្មភាពផ្សេងៗគ្នា រួ​មមានការប្រកួតបាល់ទាត់ក្មេងស្រី ការតាំងពិពណ៌រូបថត ក្បួនដង្ហែយុវជន និងកិច្ចសន្ទនាយុវជន។

បើតាមសេចក្តីប្រកាសដដែលបានបញ្ជាក់ថា ច្រើនឆ្នាំកន្លងមក អង្គការភ្លែន បានរួមចំណែកយ៉ាងសំ​ខាន់ក្នុងការលើកកម្ពស់សិទ្ធិអំណាចក្មេងស្រី និងគាំទ្រពួកគេក្នុងការបង្កើនចំណេះដឹង ជំនាញ និងទំនុកចិត្តដែលពួកគេត្រូវការដើម្បីសម្រេចក្តីស្រមៃ ដូចជាផ្តល់មូលនិធិខ្នាតតូចចំនួន២០ដើម្បីគាំទ្រពួកគេ៕

ដោយ៖សុខ រក្សា

ads banner