ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ ថ្កោលទោស និងអំពាវនាវស្ថាប័នតុលាការ កំណត់ស្ថានទម្ងន់ទោសករណីឪពុកសម្លាប់ប្រពន្ធនិងកូនអាយុពីរឆ្នាំ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានសម្តែងការសោកស្តាយ និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះករណីឃាតកម្ម ដែលបង្កឡើងដោយជនសង្ស័យជាស្វាមី និងជាឪពុក បានធ្វើឃាតទៅលើប្រពន្ធ និងកូនស្រីបង្កើតអាយុពីរឆ្នាំ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់។

សេចក្តីថ្លែងការណ៍របស់ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ចុះថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ បានឱ្យដឹងថា  ក.ជ.ក ពិតជាសោកសង្វេគចំពោះករណីឃាតកម្ម ដែលបង្កឡើងដោយជនសង្ស័យជាស្វាមី និងជាឪពុកឈ្មោះ ម៉ែន សំអាង អាយុ ៣៦ឆ្នាំ បានធ្វើឃាតទៅលើប្រពន្ធឈ្មោះ យឿន ស្រីវលក្ខ័ណ អាយុ ៣២ឆ្នាំ និងកូនស្រីបង្កើតឈ្មោះ អឿន ចន្ទសីម៉ា អាយុពីរឆ្នាំ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៦ នៅភូមិពោធិស្មាត ឃុំជើងកើប ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ។

សេចក្តីថ្លែងការណ៍សង្កត់ធ្ងន់ថា៖«ក.ជ.ក សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ដោយមិនអាចទទួលយកបានឡើយ ចំពោះការប្រព្រឹត្តិអំពើឃោរឃៅ ព្រៃផ្សៃ យង់ឃ្នង អមនុស្សធម៌របស់ ជនសង្ស័យជាស្វាមី និងជាឪពុក ដែលបានធ្វើឃាតប្រពន្ធ និងកូនស្រីបង្កើតខាងលើ ឱ្យស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម»។

ក.ជ.ក ក៏ដូចជាសាធារណជនទូទៅ ពិតជាមានក្តី ឈឺចាប់ រន្ធត់ តក់ស្លុតឥតឧបមា ចំពោះករណីឃាតកម្មទៅលើប្រពន្ធ និងកូនស្រីបង្កើត បង្កឡើងដោយជនសង្ស័យជាឪពុក ដែលបង្ហាញពីអំពើឃោរឃៅព្រៃផ្សៃ យង់ឃ្នង អមនុស្សធម៌ និងបានរំលោភបំពានយ៉ាង ធ្ងន់ធ្ងរទៅលើសិទ្ធិកុមារ ជាពិសេសសិទ្ធិរស់រានមានជីវិត ដែលប្រទេសកម្ពុជាបានផ្ដល់សច្ចាប័ន និងមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាធរមាន។

ជាមួយគ្នានេះ ក.ជ.ក អំពាវនាវដល់ក្រសួង ស្ថាប័នមានសមត្ថកិច្ច និងអង្គការពាក់ព័ន្ធ ជាពិសេសស្ថាប័នតុលាការ មេត្តាយកចិត្តទុកដាក់ចាត់វិធានការតាមផ្លូវច្បាប់ និងកំណត់ស្ថានទម្ងន់ទោសមិនអាចលើកលែងបានចំពោះជនល្មើសរូបនេះ ដើម្បីកុំឱ្យអំពើដ៏អាក្រក់នេះកើតមានក្នុងសង្គមជាតិយើងបន្តទៀត៕

ដោយ៖ សុខ រក្សា

ads banner