អាជ្ញាធរមីន៖ ការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលលើកទី៣ស្តីពីបញ្ហាមីន បង្ហាញពីភាពទទួលខុសត្រូវរបស់កម្ពុជា
ភ្នំពេញ៖ កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រយៈពេលបីថ្ងៃ។
ទេសរដ្ឋមន្រ្តី ឯកឧត្តម លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តាងនាមនាយករដ្ឋមន្រ្តីសម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៦ខែតុលា បានផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា លើដំណើរការ និងគោលបំណងនៃការរៀបចំសន្និសីទសកលលើកទី៣ ក្នុងបរិបទនៃសិទ្ធិជនមានពិការភាព ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សន្និសីទនះនឹងប្រព្រឹត្តិទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២៣ ព្រមទាំងមានតំណាងមកពីប្រទេសចំនួន ៤៥ បណ្តាអង្គទូត តំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិពាក់ព័ន្ធ។ នេះបើតាមអាជ្ញាធរមីន។
តាមរយៈបទសម្ភាសន៍ ឯកឧត្តម លី ធុជ បានលើកឡើងថា ការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលលើកទី៣របស់កម្ពុជា ដោយបានទទួលការអនុញ្ញាតពីអតីតនាយករដ្ឋមន្រ្តី សម្ដេចតេជោ ហ៊ុន សែន ដែលនៅតែបន្តគាំទ្រ និងមានការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលនេះបានបង្ហាញពីការទទួលខុសត្រូវប្រកបដោយមេត្តាធម៌របស់កម្ពុជា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាតអន្តរជាតិ ស្តីពីការហាមប្រាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនចោល(អនុសញ្ញាអូតាវ៉ា)។
គួរជម្រាបថា សន្និសីទសកលនេះ ធ្លាប់បានប្រារព្ធចំនួនពីរលើករួចមកហើយ ដោយលើកទី១ ប្រទេសកូឡុំប៊ី ឆ្នាំ២០១៤ និងលើកទី២ ប្រទេសហ្សកដានី ក្នុងឆ្នាំ២០១៩។ ចំណែកឯលើកទី៣នេះ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមកិច្ចសហការរៀបចំរវាងអាជ្ញាធរមីន និងអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីគម្រោងសកលនៃសហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា ដែលជាភាគីជាម្ចាស់ផ្ទះ។
ឯកឧត្តម លី ធុជ បានបញ្ជាក់ថា សន្និសីទសកល មានគោលបំណងពង្រឹងការអនុវត្តផែនការសកម្មភាពអូស្លូក្រោមអនុសញ្ញាអូតាវ៉ា ព្រមទាំងផ្តល់វេទិកាជូនរដ្ឋភាគីនៃអនុសញ្ញាធ្វើការរាយការណ៍ពីវឌ្ឍនភាព ក៏ដូចជាក្លាយជាវេទិកាមួយសម្រាប់អ្នកតំណាងសហគមន៍ដែលរងផលប៉ះពាល់ ជនរងគ្រោះថ្នាក់ដោយសារមីន/សំណល់ជាតិផ្ទុះពីសង្គ្រាម ជនមានពិការភាព អ្នកចូលរួមអនុវត្ត តំណាងរដ្ឋភាគី និងសង្គមស៊ីវិល។ សន្និសទីនេះ ដើម្បីបង្ហាញពីដំណើរនៃកិច្ចសហប្រតិបត្តិការ ស្មារតីរួបរួមគ្នា មេត្តាធម៌ និងការប្តេជ្ញារួមគ្នាដោះស្រាយបញ្ហាប្រឈមជាសាកល ដែលជួបប្រទះក្នុងការអនុវត្តកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងកាតព្វកិច្ចដែលលើសពីការងារបោសសម្អាតមីន។
ជាងនេះទៅទៀត បទពិសោធន៍ និងទស្សនល្អៗ នឹងក្លាយជាធាតុចូលយ៉ាងសំខាន់ ក្នុងការបង្កើតឱ្យមាននូវផែនការសកម្មភាពថ្មីៗ ដែលរដ្ឋភាគីនឹងត្រូវអនុម័តនៅក្នុងសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ក្នុងខែធ្នូ ឆ្នាំ២០២៤ ដែលកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំ និងមានតំណាងមកពីរដ្ឋភាគី និងរដ្ឋអង្កេតការណ៍ប្រមាណជា ២០០ប្រទេសចូលរួម។
ឯកឧត្តម លី ធុជ បានឱ្យដឹងទៀតថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ក្នុងឆ្នាំ២០២៤ នឹងផ្តោតលើការងារអាទិភាពសំខាន់ៗចំនួនបួនរួមមាន៖ ១. ការពង្រឹងបទដ្ឋាន លើកកម្ពស់សកលភាវូបនីយកម្មនិងបន្តការប្តេជ្ញាចិត្តរួមចំពោះការអនុវត្តអនុសញ្ញា។២. អនុវត្តមាត្រា៥នៃអនុសញ្ញា តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋភាគី និងរដ្ឋភាគី ដែលរងផលប៉ះពាល់ដោយសារមីន ក្នុងតួនាទីផ្តល់ជំនួយ និងការបង្កើនមូលនិធិ តាមរយៈភាពជាដៃគូក្នុងវិស័យឯកជន។៣. ជំរុញការផ្លាស់ប្តូរក្នុងការអនុវត្តវិធីសាស្រ្ត និងបច្ចេកវិទ្យាដែលល្អបំផុត ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការសកម្មភាពមីន តាមរយៈកិច្ចសហប្រតិបត្តិការភាគខាងត្បូង-ខាងត្បូង ទាំងទ្វេភាគី ត្រីភាគី និងពហុភាគីនិង ៤. ជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការគ្រោះថ្នាក់បន្ថែមទៀត និងកិច្ចសហប្រតិបត្តិការជាមួយវិស័យផ្សេងទៀត ដើម្បីធានាបាននូវការគាំទ្រប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដល់អ្នករស់រានមានជីវិតពីគ្រោះថ្នាក់ដោយសារមីនប្រឆាំងមនុស្ស រួមទាំងគំនិតផ្តួចផ្តើមដែលកើតចេញពីសន្និសីទសកលលើកទី៣។
អាជ្ញាធរមីន បានបញ្ជាក់ថា ក្នុងនាមជាប្រទេសមួយធ្លាប់ទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងជាប្រទេសស្រឡាញ់សន្តិភាព នៅឆ្នាំ១៩៩៧ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សាស្តីពីធាតុសំខាន់ៗនៃកិច្ចសង្គ្រោះជនរងគ្រោះក្រោមក្របខណ្ឌនៃអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាបានក្លាយជារដ្ឋភាគីក្នុងឆ្នាំ២០០០។ ក្នុងកិច្ចពិភាក្សានោះ កម្ពុជាបានគូសបញ្ជាក់ពីសារៈសំខាន់នៃការថែទាំ ការស្តារនីតិសម្បទា និងការបញ្ចូលជនរងគ្រោះទៅក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ចឡើងវិញ។
ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តគោលនយោបាយ និងវិធានការមួយចំនួនសំដៅជួយទ្រទ្រង់ដល់ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងលើកកម្ពស់សិទ្ធិរបស់ជនរងគ្រោះ ព្រមទាំងបានផ្តល់សច្ចាប័នដល់អនុសញ្ញាស្តីពីសិទ្ធិជនពិការ ដែលបានចូលជាធរមានក្នុងឆ្នាំ២០១៣។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៩-២០២៣ ដោយបានគិតគូរយ៉ាងល្អិតល្អន់អំពីការដោះស្រាយជូនជនមានពិការភាព ដើម្បីបង្កើនការងារ និងសន្តិសុខសេដ្ឋកិច្ចក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ តាមរយៈការលើកកម្ពស់កំណើនការងារសមស្រប ការពង្រីកអាជីព និងមុខរបរដើម្បីបង្កើនជីវភាពរស់នៅបានសមរម្យជូនមានពិការភាព៕
ដោយ៖ សុខ រក្សា


