ម៉ាឡេស៊ី មានបំណងនាំចូលផលិតផលជលផលពីកម្ពុជាទៅកាន់ប្រទេសខ្លួនបន្ទាប់ពីអង្ករ
ភ្នំពេញ៖ នៅក្នុងកិច្ចពិភាក្សាទ្វេភាគី កម្ពុជា-ម៉ាឡេស៊ី នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ម៉ាឡេស៊ី បានបង្ហាញពីគោលបំណងក្នុងការនាំចូលផលិតផលជលផលរបស់កម្ពុជា ទៅកាន់ប្រទេសរបស់ខ្លួន បន្ទាប់ពីប្រទេសនេះបាននាំចូលអង្ករពីកម្ពុជារួចហើយ។
ការបង្ហាញគោលបំណងរបស់ភាគីម៉ាឡេស៊ី ត្រូវបានលើកឡើងនាជំនួបកិច្ចពិភាក្សាការងារទ្វេភាគីរវាងរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឯកឧត្តម ឌិត ទីណា និងឯកឧត្តម Datuk Seri Haji Mohamad bin Sabu រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងនៃប្រទេសម៉ាឡេស៊ី។ ជំនួបនេះ បានរៀបចំឡើងស្របពេលដែលមន្រ្តីជាន់ខ្ពស់កម្ពុជា បានអញ្ជើញចូលរួមប្រជុំរដ្ឋមន្ត្រីអាស៊ាន-ចិន លើកទី៨ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ក្នុងកិច្ចពិភាក្សានេះដែរ ភាគីទាំងពីរបានផ្តោតសំខាន់លើផលិតផល ស្រូវ អង្ករ ដែលអាចធានាបាននូវសន្តិសុខស្បៀង និងការធ្វើពាណិជ្ជកម្មលើអង្កររបស់កម្ពុជា។ ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រីកសិកម្មម៉ាឡេស៊ីបានបង្ហាញពីចំណាប់អារម្មណ៍ទៅលើអនុវិស័យវារីវប្បកម្មរបស់កម្ពុជា និងបង្ហាញពីបំណងនាំចូលផលិតផលជលផលពីកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី ខណៈដែលភាគីទាំងពីរ បានលើកទឹកចិត្ត និងគាំទ្រឱ្យវិនិយោគិននៃប្រទេសទាំងពីរ វិនិយោគលើវិស័យកសិកម្ម ដោយធ្វើការសហការគ្នាឱ្យកាន់តែជិតស្និតបន្ថែមទៀត។ នេះបើតាមខ្លឹមសារនៃជំនួបដែលក្រសួងកសិកម្មបានបង្ហោះនៅលើបណ្តាញសង្គម។
សូមជម្រាបថា ផលិតផលជលផល ត្រូវបាននាំចេញទៅក្រៅប្រទេសជាបន្តបន្ទាប់ ជាពិសេសប្រទេសចិន ដោយក្នុងនោះកាលពីខែឧសភា ឆ្នាំ២០២៣ ផលិតផលជលផលធម្មជាតិរបស់កម្ពុជាចំនួន ១២ប្រភេទ ទទួលបានការអនុញ្ញាតឱ្យនាំចេញ ទៅកាន់ទីផ្សារប្រទេសចិន។ ផលិផលទាំងនោះ រួមមាន កំពឹសទឹកសាប, ត្រីប្រាធំ, ត្រីប្រាខ្ចៅ, ខ្យងទឹកសាបពីរប្រភេទ, អន្ទង់ទឹកសាប, បង្កងកណ្តូបពីរប្រភេទ, បង្គាខ្លឹង, បង្គាស, និងបង្គាប៉ារ៉ា។
ចំណែករបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេលប្រាំបួនខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករចំនួនជាង ៤៥ម៉ឺនតោន មានទឹកប្រាក់ចំនួន ៣២៧ លានដុល្លារ។ក្នុងនោះបាននាំចេញទៅកាន់ប្រទេសសមាជិកអាស៊ានចំនួនប្រាំប្រទេស បានបរិមាណចំនួន ៤៥ ៣០៦តោន គិតជាទឹកប្រាក់ចំនួន ៣១,៣២លានដុល្លារ រួមមានម៉ាឡេស៊ី ហ្វីលីពីន ជាដើម។
ដោយឡែកទាក់ទងនឹងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-ចិន លើកទី៨ ស្តីពីកិច្ចសហប្រតិបត្តិការអនាម័យ និងភូមគាមអនាម័យវិញ ត្រូវបានរៀបចំឡើងក្នុងគោលដៅពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអនាម័យ និងភូតគាមអនាម័យ ក្នុងការសម្រួលពាណិជ្ជកម្មផលិតផលកសិកម្ម និងស្បៀងអាហារ រវាងអាស៊ាននិងចិន។
អង្គប្រជុំនេះបានឯកភាពគ្នាចេញសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចសហប្រតិបត្តិការអនាម័យ ដែលក្នុងនោះ ប្រទសចិនមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការពង្រីកទំហំការនាំចេញពីផលិតផលកសិកម្មពីអាស៊ានទៅកាន់ទីផ្សារប្រទេសចិន ឆ្ពោះទៅសម្រេចគោលដៅកំណត់ដោយ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន ក្នុងការនាំចូលផលិតផលកសិកម្មពីអាស៊ានឱ្យបាន១៥០ពាន់លានដុល្លារ នៅបណ្តាឆ្នាំខាងមុខ៕
ដោយ៖ វណ្ណ សុជាតា

