នាយករដ្ឋមន្រ្តីថៃ គ្រោងធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសម៉ាឡេស៊ី
បាងកក៖ នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន មានគម្រោងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃពុធទី១១ ខែតុលាខាងមុខនេះ ដើម្បីពិភាក្សាអំពីវិធីសាស្រ្តពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ក្រសួងការបរទេសថៃបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់តំបន់រដ្ឋបាលពិសេសហុងកុង ហើយនឹងប្រទេសអាស៊ានចំនួន៣ទៀត ក្នុងនោះរួមមានម៉ាឡេស៊ី ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកយ៉ាងទូលំទូលាយ ជាពិសេសទៅលើវិស័យដែលនឹងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសុខុមាលភាពរបស់ប្រជាជនថៃ។
បើតាមសេចក្តីថ្លែងការណ៍ដដែល នៅថ្ងៃពុធទី១១ ខែតុលា លោក សេដ្ឋា មានគម្រោងជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដើម្បីពិភាក្សាអំពីវិធីសាស្រ្តពង្រីកកិច្ចសហប្រតិបត្តិការរវាងថៃ និងម៉ាឡេស៊ី ក្នុងនោះរួមមានពាណិជ្ជកម្ម និងការវិនិយោគ, ការអភិវឌ្ឍសន្តិសុខ និងព្រំដែន ដោយគ្របដណ្តប់ខេត្តជាប់ព្រំដែនភាគខាងត្បូងនៃប្រទេសថៃ និងរដ្ឋភាគខាងជើងនៃប្រទេសម៉ាឡេស៊ី។
សូមរម្លឹកថា ក្នុងឆ្នាំ២០២២ ម៉ាឡេស៊ីគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ថៃក្នុងតំបន់អាស៊ាន និងជាប់ចំណាត់ថ្នាក់ទី៤ នៅទូទាំងពិភពលោក។ តម្លៃពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរមានចំនួនជាង ២៧ពាន់លានដុល្លារអាមេរិក។ ម៉ាឡេស៊ីក៏ជាអ្នកវិនិយោគធំជាងគេទីពីរនៅប្រទេសថៃក្នុងតំបន់អាស៊ាន និងជាប់ចំណាត់ថ្នាក់ទី៩ នៅទូទាំងពិភពលោក៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

