វៀតណាម និងចិនកំពុងរៀបចំសម្រាប់ការធ្វើទស្សនកិច្ចរបស់លោក ស៊ី ជីនពីង មកកាន់ទីក្រុងហាណូយ

ហាណូយ៖ មន្រ្តីវៀតណាម និងចិនបាននឹងកំពុងរៀបចំលទ្ធភាពដែលអាចទៅរួចសម្រាប់ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង មកកាន់ទីក្រុងហាណូយ នៅចុងខែតុលា ឬដើមខែវិច្ឆិកាខាងមុខ នេះបើតាមប្រភពពីមនុស្ស ៤នាក់ដែលដឹងពីផែនការនេះ។

ប្រភពបានឱ្យដឹងថា ប្រទេសចិនបានបញ្ជូនមនុស្សមួយក្រុមទៅទីក្រុងហាណូយ ដើម្បីរៀបចំកន្លែងស្នាក់នៅសម្រាប់គណៈប្រតិភូរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ ប្រភពបានឱ្យដឹងថា ក្រុមការងារបាននឹងកំពុងស្វែងរកការកក់បន្ទប់ចំនួន ៨០០ នៅក្នុងសណ្ឋាគារក្នុងរដ្ឋធានីរបស់ប្រទេសវៀតណាម ដែលជាចំនួនមួយស្របនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី។

មន្ត្រីបាននិយាយថា គម្រោងបំពេញទស្សនកិច្ចនេះត្រូវបានរៀបចំជាច្រើនខែមកហើយ។ ដោយឡែក រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចនៅទីក្រុងហាណូយនាពាក់កណ្តាលខែតុលាខាងមុខនេះ ដើម្បីជួយបញ្ចប់សេចក្តីថ្លែងការណ៍រួម។ ក្នុងនាមជាប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាមចំនួនពីរលើក ជាមួយនឹងដំណើរទស្សនកិច្ចចុងក្រោយរបស់លោកក្នុងឆ្នាំ២០១៧ នៅពេលដែលលោកបានចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកជាមួយលោក ដូណាល់ ត្រាំ លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំដទៃទៀត។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលវៀតណាមបានឱ្យដឹងថា ចិនគឺជាអ្នកវិនិយោគកំពូលមួយរបស់វៀតណាម ដោយក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ បានប្តេជ្ញាបោះទុនវិនិយោគជិត ៣ពាន់លានដុល្លារនៅវៀតណាម ដែលច្រើនជាងសហរដ្ឋអាមេរិកចំនួន ៦ដងក្នុងរយៈពេលដូចគ្នា ហើយទីពីរគឺប្រទេសសិង្ហបុរី៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner