សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថ្កោលទោសក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់
អ.ស.ប៖ សមាជិកជាច្រើននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី៨ ខែតុលានេះ បានថ្កោលទោសក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ចំពោះការវាយលុកដ៏ធំរបស់ខ្លួនប្រឆាំងនឹងអ៊ីស្រាអែល ប៉ុន្តែសហរដ្ឋអាមេរិកមានការសោកស្តាយចំពោះកង្វះការរួបរួមគ្នាឆ្លើយតបនឹងបញ្ហានេះ។
នៅក្នុងសម័យប្រជុំបន្ទាន់មួយនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិកបានជំរុញឱ្យមានការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះពួកអ៊ីស្លាមប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប ដែលបានបើកការវាយប្រហារ និងចាប់ពង្រាត់ដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
អ្នកការទូតជាន់ខ្ពស់អាមេរិក លោក Robert Wood បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំបិទទ្វារថា មានប្រទេសមួយចំនួនប៉ុណ្ណោះ ដែលបានថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាស់ប្រឆាំងនឹងអ៊ីស្រាអែល។
ចំណែកឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Vassily Nebenzia បាននិយាយថា សាររបស់ខ្ញុំ គឺបញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់ ហើយឆ្ពោះទៅរកបទឈប់បាញ់ និងការចរចាប្រកបដោយអត្ថន័យ ដែលត្រូវបានណែនាំអស់ជាច្រើនទសវត្សរ៍មកហើយ ដោយក្រុមប្រឹក្សាសន្តិសុខ។
ទន្ទឹមគ្នា ក្រុមអ្នកការទូតបានបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខមិនបានពិចារណាលើសេចក្តីថ្លែងការណ៍រួមណាមួយឡើយ ប៉ុន្តែសមាជិកដែលដឹកនាំដោយរុស្ស៊ីសង្ឃឹមថា នឹងមានការផ្តោតអារម្មណ៍ទូលំទូលាយទៅលើជម្លោះនេះ ជាជាងការថ្កោលទោសក្រុមហាម៉ាស់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


