បញ្ជូនទៅពេទ្យមិនទាន់ បណ្តាលឱ្យកូនអាយុ១៣ឆ្នាំស្លាប់ ដោយជំងឺគ្រុនឈាម

មណ្ឌលគីរី៖ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ បានស្លាប់នៅលើផ្ទះរបស់ខ្លួន ក្រោយពេលក្តៅខ្លួនរយៈពេល៣ថ្ងៃ ដោយម្តាយឪពុកអះអាងថា បញ្ជូនទៅមន្ទីរពេទ្យបង្អែកមិនទាន់ពេលវេលា។ ករណីនេះនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រែខ្ទុម បានចុះស្រាវជ្រាវបន្ទាន់ ដើម្បីរកការពិតនៃមូលហេតុនៃការស្លាប់ នាថ្ងៃទី២៥ខែកក្កដានេះ ក្រោយទទួលបានដំណឹងនៃការស្លាប់របស់ក្មេងស្រី។

លោក ផេង សាវន់ នាយប៉ុស្តិ៍នគរបាលឃុំស្រែខ្ទុម បានឲ្យដឹងថា ពិតជាមានករណីក្មេងស្រីស្លាប់ពិតមែន ដោយសារតែជំងឺ។ លោកថា ក្នុងពេលសាកសួរទៅឪពុកម្តាយក្មេងស្រីរងគ្រោះ លោក លី ហូសាន់ ជាឪពុកបានបញ្ជាក់ថា កូនស្រីរបស់គាត់ឈ្មោះ សាន់ លីតា អាយ១៣ឆ្នាំ បានក្តៅខ្លួនកាលពីថ្ងៃទី២១កក្កដា។ លោកថា បានយកកូនទៅពេទ្យឯកជនមួយ មានទីតាំងនៅភូមិត្រពាំងផ្អេរ  ដោយទិញថ្នាំចំនួន២គ្រាប់ យកមកលេបនៅផ្ទះ។ លោកបន្តថានៅថ្ងៃទី២២កក្កដា លោក និងប្រពន្ធបានយកកូនទៅធ្វើតេស្តឈាមនៅពេទ្យដដែល។ គ្រូពេទ្យប្រាប់ថា កូននេះមានជំងឺគ្រុនឈាមហើយ សុំប្រញាប់បញ្ជូនកូនទៅមន្ទីរពេទ្យបង្អែកខេត្តទៅ។ ឪពុកក្មេងស្រីរងគ្រោះបន្តថា ដោយមានការខ្វះខាតប្រាក់ខ្លាំងពេក ណាមួយតក់ក្រហល់ភ្លេចមុខភ្លេចក្រោយផងនោះ បានបណ្តែតបណ្តោយរហូតដល់រសៀលថ្ងៃទី២៤កក្កដានេះ កូនស្រីបានធ្វើទុក ដោយសាច់ចុះត្រជាក់ខ្លាំង និងបានស្លាប់តែម្តង។

លោកនាយប៉ុស្តិ៍ឃុំស្រែខ្ទុមបញ្ជាក់ថា លោកបានទៅសាកសួរគ្រូពេទ្យ ដែលព្យាបាលមានទីតាំងខាងលើ។ គ្រូពេទ្យបានប្រាប់ថា បានដាក់សារ៉ូម១កំប្លោកជាប្រភេទ្យថ្នាំកម្លាំង បំពេញជាតិទឹក ព្រោះក្មេងស្រីនោះក្អួតមកច្រើនពេក។ គ្រូពេទ្យថា បានជំរុញឲ្យឪពុកម្តាយបញ្ជូនទៅពេទ្យបង្អែកដែរ តែគាត់ថាពុំមានប្រាក់បញ្ជូនកូនទៅពេទ្យនោះឡើយ៕ម.ន ដោយៈ សាត ចាន់បុត្រ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner