សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញកាន់បិណ្ឌវេន៩ នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក រាជធានីភ្នំពេញ
(ភ្នំពេញ)៖ ក្នុងឱកាសដ៍សោមនស្សរីករាយ នៃពិធីបុណ្យប្រពៃណីជាតិ ដែលប្រជាពុទ្ធបរិស័ទយើងគ្រប់ស្រទាប់ ទូទាំង ព្រះរាជាណាចក្រកម្ពុជា មានសេចក្តីអំណរសាទរយ៉ាងក្លៀវក្លា និងរួមសាមគ្គីគ្នាធ្វើបុណ្យធ្វើទានដោយសេចក្តីជ្រះថ្លា នៅក្នុងរដូវកាលបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នៅតាមទីអារាមនានា ដែលជាទីសក្ការៈ ដើម្បីទទួលយកនូវកុសលផល បុណ្យរៀងៗខ្លួន និងជាការរួមចំណែក ជួយលើកតម្កើងវិស័យព្រះពុទ្ធសាសនា ជាសាសនា របស់រដ្ឋនោះ នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០២៣ ជាថ្ងៃកាន់បិណ្ឌវេន៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេច ឯកឧត្តម លោកជំទាវ និងបងប្អូនក្រុមគ្រួសារ បាននាំយកចង្ហាន់គ្រឿង ឧបភោគបរិភោគនំចំណីភេសជ្ជៈគ្រប់ប្រភេទ និងបច្ច័យ ទៅវេរប្រគេនព្រះសង្ឃ និងចូលរួមរីករាយជាមួយប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិត ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងឱកាសអញ្ជើញដល់ទីអារាម សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារទាំងអស់ បាន អញ្ជើញបូជា,ទៀន,ធូប គន្ធពិដោ ថ្វាយចំពោះព្រះពុទ្ធបដិមា នៅលើឧបដ្ឋានសាលា និងបា្ររព្ធពិធីសូត្រមន្ត សមា ទានសីល តាមសិក្ខាបទ ដើម្បីរំលឹកដល់គុណបុណ្យ ព្រះរតនត្រ័យ និងព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូ ដែលព្រះអង្គ ត្រាស់ដឹងនូវ អនុត្តរៈសម្មា សម្ពោធិញាណនិងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកអោយពុទ្ធបរិស័ទគ្រប់ជំនាន់ គោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្ន ហើយមុនយាងចូលបរិនិព្វាន ព្រះអង្គទ្រង់ត្រាស់កំណត់សាសនា របស់តថា គត គឺគង់វង្សគ្រប់៥ពាន់ព្រះវស្សា។ ពុទ្ធឱវាទនិងព្រះធម៌វិន័យរបស់ព្រះអង្គ គឺជាប្រទីបបំភ្លឺផ្លូវដល់មនុស្សលោក គ្រប់រូបប្រកាន់ខ្ជាប់ នូវអំពើល្អ អំពើជាកុសល លះបង់អំពើបាប អំពើជាអកុសលសាង នូវកុសលទានតម្កល់ទុក សំរាប់ អនាគតជាតិ។ យ៉ាងណាមិញ បុណ្យកាន់បិណ្ឌឬភ្ជំបិណ្ឌ ដែលមានរយៈពេល១៥ថ្ងៃនេះ គឺជាសក្ខីភាពបង្ហាញ អំពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទគ្រប់រូបចំពោះឧបការគុណនៃបុព្វការីជន ដោយបានធ្វើបុណ្យ ធ្វើទាន ឧទ្ទិសកុសលជូនតាមរយៈព្រះសង្ឃជាស្រែបុណ្យ ដើម្បីអោយវិញ្ញាណក្ខ័នអ្នកមានគុណគ្រប់រូប បានទៅកាន់ ឋានបរមសុខកុំបីអាក់ខានឡើយ ។

សូមបញ្ជាក់ថា នៅក្នុងឱកាស នៃការប្រារព្វពិធីបុណ្យភ្ជុំ-ភ្ជុំបិណ្ឌ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧នេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរៀបចំនូវទេយ្យទានប្រគេនព្រះសង្ឃចំនួន ១០វត្តផ្សេងទៀត ក្រៅពីវត្តមុនីសុវណ្ណ ក្នុងនោះរួមមាន វត្តមុនីប្រសិទ្ធវង្ស វត្តចន្ទបុរីវង្ស វត្តព្រែកតាទែន វត្តក្រពើហារ វត្តបុទុមវតី វត្តក្របៅ វត្តតាខ្មៅ វត្តព្រែកសំរោង វត្តវាំងចាស់ និងវត្តព្រែកឬស្សី ដែលវត្តនីមួយៗទទួលបាននូវភេសជ្ជៈទឹកសុទ្ធ ទឹកក្រូច ទឹកត្រឡាច ទឹកសណ្តែក មៀនកំប៉ុង ទឹកគូលេន ទឹកដោះគោខាប់ ត្រីខកំប៉ុង កាកាវ ស្ករស តែ មី នំ អង្ករ និងបច្ច័យ ក្នុង១វត្តៗ ២លានរៀល។

ព្រះសង្ឃទាំង១០អារាម បានលើកឧទ្ទិសដល់ទសបារមីវត្ថុស័ក្តិសិទ្ធទេវតា ថែរក្សាក្នុងចក្រវាឡ នៃលោកយើងនេះ សូមតាមជួយបីបាច់ថែរក្សាការពារសម្តេចតេជោ សម្តេចកិត្តិព្រទ្ធបណ្ឌិត គ្រប់វិនាទីទាំងអស់ ដើម្បីបន្តស្ថិតនៅដឹកនាំជោគវាសនាអនាគតប្រទេសជាតិ ឲ្យកាន់តែរីកចំរើនរុងរឿងទ្វេឡើងថែមទៀត ពិសេសដើម្បីប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០ ដែលជាការប្តេជ្ញាចិត្តដ៏មុតមាំរបស់សម្តេចតេជោ និងបន្តមរតកនៃការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមគ្គុទេសក៏ដឹកនាំប្រកបដោថាមពល និងមានចក្ខុវិស័យប្រកបដោយបញ្ញាញាណ របស់ប្រទេសនិងប្រជាជាតិកម្ពុជា ៕


ដោយ វណ្ណលុក