សហគមន៍តំបន់ការពារធម្មជាតិអូរជាំ ដាំក្រវាញ ១ម៉ឺនដើម ដើម្បីបង្កើនពូជក្រវាញ និង រកចំណូលដល់ប្រជាសហគមន៍

(ភ្នំពេញ)៖ ចាប់ពីដើមខែសីហា ឆ្នាំ ២០២៣មក ប្រជាសហគមន៍តំបន់ការពារធម្មជាតិអូរជាំ បានរួមដៃគ្នាដាំ ស្តារពូជក្រវាញក្នុងព្រៃធម្មជាតិ ស្ថិតក្នុងភូមិអូជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ។

ការដាំក្រវាញនេះគឺដើម្បីបង្កើនចំនួនពូជក្រវាញនៅតាមសហគមន៍សំដៅធ្វើយ៉ាងណាចូលរួមអភិរក្សពូជក្រវាញ និងក៏ដូចជាផ្គត់ផ្គង់តម្រូវការទីផ្សារពីម្ហូបអាហារធ្វើពីក្រវាញពិសេសផ្ញៀវទេសចរណ៍ដែលធ្វើដំណើរចូលកម្សាន្តនៅទឹកធ្លាក់អូរជាំនេះដោយផ្ទាល់តែម្តង។

លោក គីម សុង ប្រធានសហគមន៍តំបន់ការពារធម្មជាតិអូរជាំ បានឱ្យដឹងថា៖ ចាប់ពីដើមខែសីហា មក សហគមន៍របស់លោកបានចាប់ផ្តើមដាំដើមក្រវាញដែលប្រជាសហគមន៍បានរួមគ្នាបណ្តុះពូជកូនក្រវាញពីធម្មជាតិ។គិតមកដល់ពេលនេះក្រវាញដែលបានដាំមួយចំនួនបានលូតលាស់ល្អ តែមួយចំនួនទៀត ក៏មិនសូវល្អផងដែរដោយសារតែឆ្នាំនេះមានការខ្សត់ខ្សោយទឹកភ្លៀង ហើយភ្លៀងចាប់ផ្តើមធ្លាក់ជោគជាំទើបតែចុងខែសីហា ប៉ុណ្ណោះ ។

លោកប្រធានសហគមន៍បានឱ្យដឹងបន្ថែមថា៖ក្រៅពីដាំក្រវាញតាមសហគមន៍ ក៏នៅមានប្រជាពលរដ្ឋមួយចំនួនបានដាំតាមផ្ទះសម្បែងរបស់ពួកគាត់ ដោយសង្ឃឹមថា អាចរកប្រាក់កម្រៃពីការលក់ក្រវាញនេះផងដែរ ។

លោក គីម សុងបានបន្តឱ្យដឹងថា៖ ប្រជាជនសហគមន៍របស់លោកបច្ចុប្បន្នមានជាង ៣០០គ្រួសារ ដោយក្នុងនេះភាគច្រើនជាអ្នកប្រកប របរស្រែចំការ និងមួយផ្នែកបានពឹងផ្អែកបម្រើលើសេវាទេសចរណ៍ ប៉ុន្តែការដាំ ក្រវាញនេះ លោកបានដាក់ក្ដីរំពឹងថា វាអាចជាមុខរបរថ្មីបន្ថែមសម្រាប់លើកស្ទួយជីវភាពប្រជាសហគមន៍ ។

ដោយឡែក លោក វឹង វីន អនុប្រធានសហគមន៍តំបន់ការពារធម្មជាតិអូរជាំ បានឱ្យដឹងថាលោកបានសាកល្បងដាំកូនក្រវាញជិត ១០០ដើមកាលពីជាងមួយឆ្នាំមុន ពេលនេះឃើញថាវាលូតលាស់បានល្អ ហើយក្រវាញមួយចំនួនកំពុងបែកគុម្ពល្អ ។ ជាមួយគ្នាលោកនឹងធ្វើការដាំបន្តទៀតនៅទីកន្លែងផ្សេងសំដៅធ្វើយ៉ាងណាអភិរក្សពូជក្រវាញនៅតំបន់សហគមន៍របស់លោកឱ្យបានគង់វង្សពីព្រោះថាក្រវាញជារុក្ខជាតិមួយរបស់ខ្មែរដែលមានរស់ជាតិឆ្ងាញ់ពិសា រនិង ពិសេសវាក៏ជាឱសថមួយដែលគេជឿថាអាចព្យាបាលរោគមួយចំនួនបានផង ។

ក្រៅពីសហគមន៍តំបន់ការពារធម្មជាតិអូរជាំ ដាំស្តារពូជក្រវាញពីធម្មជាតិនេះ ក៏នៅមានសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រខេត្តពោធិ៍សាត់ រួមគ្នាបណ្តុះកូនក្រវាញដែលជាផ្នែកមួយក្នុងកិច្ចខិតខំថែរក្សាពូជក្រវាញព្រៃ ក៏ដូចជាផ្គត់ផ្គង់ប្រភេទ អាហារក្រវាញដែលល្បីថាមានរស់ជាតិឆ្ងាញ់ពិសារ ទៅតាមតម្រូវការ របស់ភ្ញៀវទេសចរឱ្យកាន់តែច្រើនឡើង ។

គួរបញ្ជាក់ថាក្រវាញដុះជាលក្ខណៈធម្មជាតិច្រើន នៅក្នុងខេត្តពោធិ៍សាត់ បាត់ដំបង ក្នុងដែនជម្រកសត្វព្រៃភ្នំក្រវាញ និងភ្នំសំកុស។ជាមួយគ្នាកណ្តៀងក្រវាញគេប្រើសម្រាប់ប្រើប្រាស់ជាបន្លែ គេអាចយកទៅស្ងោរ ប្រើជាអន្លក់ ឬឆាជាមួយប្រេងខ្យង សាច់គោ។ក្រវាញស្រស់មួយគីឡូក្រាមត្រូវបានគេលក់ក្នុងតម្លៃ ២០០០០រៀល ដែលគេអាចកែច្នៃធ្វើជាអាហារដ៏មានឱជារសឆ្ងាញ់ពិសា។

កណ្តៀងក្រវាញមានរស់ជាតិឆ្ងាញ់ប្រហើរ និងហិរតិចៗ សហគមន៍ប្រមូលកណ្តៀងក្រវាញនៅក្នុងខែមេសា-តុលា ។ក្រវាញមិនត្រឹមតែយកធ្វើម្ហូបមានរសជាតិឆ្ងាញ់ប្លែកទេ ប៉ុន្តែថែមទាំងមានអត្ថប្រយោជន៍ដូចជាឱសថ ព្រោះពេលទទួលទានហើយ គឺដើរខ្យល់ស្រួល និងបែកញើសស្រួលខ្លួន ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner