ក្រសួងប្រៃសណីយ៍ និងក្រសួងអប់រំ រួមគ្នាកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យសាធារណៈ
(ភ្នំពេញ)៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា កាលពីព្រឹថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យសាធារណៈ ។

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ដើម្បីកសាងរដ្ឋាភិបាល សេដ្ឋកិច្ច សង្គម និងពលរដ្ឋឌីជីថល តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការតភ្ជាប់ឌីជីថល ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការតភ្ជាប់អ៊ីនធឺណិត និងការបង្កើត “មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍” នៅតាមវិទ្យាល័យសាធារណៈ គឺជាកាតាលីករថ្មីដ៏មានសារៈសំខាន់ ប្រកបដោយសក្ដានុពល និងកាលានុវត្តភាព ក្នុងការជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃការអប់រំបែបឌីជីថលឱ្យរឹងមាំ និងអំណោយផលដល់ការធ្វើបរិវត្តកម្មឌីជីថលលើគ្រប់វិស័យ។

ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា ពិធីចុះហត្ថលេខានេះ គឺពិតជាឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពបន្ថែមថ្មីមួយទៀតរវាងក្រសួងទាំងពីរ ក្នុងការធ្វើបរិវត្តកម្មឌីជីថលបម្រើដល់ការអប់រំ ដើម្បីបន្តអភិវឌ្ឍធនធានមនុស្សបច្ចេកវិទ្យាឌីជីថល ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណដល់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានផ្តួចផ្តើមបង្កើត មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ដើម្បីរួមចំណែកដល់ការលើកកម្ពស់អក្ខរកម្មនិងបំណិនឌីជីថល និងការធ្វើសមាហរណកម្មបច្ចេកវិទ្យាអប់រំ ដើម្បីការអប់រំឌីជីថលនៅក្នុងថ្នាក់រៀន សាលារៀន និងសហគមន៍ទាំងមូល។ ម្យ៉ាងទៀត អនុស្សរណៈនៃការយោគយល់គ្នានេះ ពិតជាមានសារៈសំខាន់ ទាន់ពេលនិងចំគោលដៅ ដែលគាំទ្រដល់ដំណើរអភិវឌ្ឍន៍ការអប់រំឌីជីថល ក្នុងគោលដៅជំរុញកំណើន ការលើកកម្ពស់ផលិតភាព និងប្រសិទ្ធភាពនៃការកសាងអនាគតពលរដ្ឋឌីជីថលកម្ពុជា។

សូមជម្រាបជូនថា មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ បានចាប់ផ្តើមសាងសង់នៅ វិទ្យាល័យ ហ៊ុន សែន ១ មិថុនា នៅឃុំពារាម ស្រុកបាទី ខេត្តតាកែវ ដែលជាវិទ្យាល័យឈានមុខគេនៅស្រុកបាទី ខេត្តតាកែវ ហើយនាយកវិទ្យាល័យបានទទួលពានរង្វាន់លេខ២ ក្នុងការគ្រប់គ្រងល្អ នៅទូទាំងប្រទេស ។ គម្រោង មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នឹងត្រូវចាប់ផ្តើមសាងសង់នៅគ្រប់វិទ្យាល័យនៃខេត្តតាកែវ នៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ព្រមទាំងបន្តសាងសង់នៅទូទាំងប្រទេស។

លោកជំទាវ ហ៊ាន ប៉ូលីណេ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជម្រាបជូនអំពីវត្ថុបំណងនៃការបង្កើត “មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍” (ម.ប.ស.) នៅតាមវិទ្យាល័យសាធារណៈ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានចក្ខុវិស័យចម្បងចំនួន ៣ រួមមាន៖ (១) ការចូលរួមអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ (២) ការលើកកម្ពស់បរិវត្តកម្មវិស័យអប់រំ និងអក្ខរកម្មឌីជីថល និង (៣) ការគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល។ បន្ថែមពីលើនេះ លោកនាយកវិទ្យាល័យ ហ៊ុន សែន ១មិថុនា បានលើកឡើងថា តាមរយៈគំនិតផ្តួចផ្តើមបង្កើត ម.ប.ស. នេះ សហគមន៍ទាំងមូលនឹងមានឱកាសទទួលបានជំនាញបច្ចេកវិទ្យា និងសេវាចាំបាច់នានា ក្នុងយុគសម័យឌីជីថល៕


ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា