សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងចាត់មន្ត្រីចូលបុណ្យសព និស្សិត ចាន់ ឧត្តម ដែលបានរងគ្រោះទទួលមរណភាពដោយការប្រយុទ្ធគ្នានៅប្រទេសអ៊ីស្រាអែល

(កណ្តាល)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៣ បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងចូលបុណ្យសព លោក ចាន់ ឧត្តម ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) ដែលបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ទី ៧ ខែតុលា ឆ្នាំ២០២៣ ក្នុងជន្មាយុ ២៤ឆ្នាំ ដោយសារហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ ខណៈពេលកំពុងស្នាក់នៅ និងបន្តការសិក្សានៅប្រទេសអ៊ីស្រាអែល។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានអាន និងប្រគល់ជូន ក្រុមគ្រួសារសព នូវសារលិខិតរំលែកមរណទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុុជា ដែលក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា «ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្តុកក្តួលនេះ ខ្ញុំ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ប្រកបដោយក្តីអាឡោះអាល័យបំផុត ចំពោះសព លោក ចាន់ ឧត្តម ដែលជាការបាត់បង់កូនជាទីស្រឡាញ់ស្មើជីវិត មានកតញ្ញូតាធម៌ និងប្រតិបត្តិតាមគន្លងធម៌ ឪពុកម្តាយ និងក្រុមគ្រួសារ ហើយក៏ជាការបាត់បង់មូលធនមនុស្សមួយរូប ដែលបានកំពុងសិក្សាបង្កើនកម្រិតសមត្ថភាព ដើម្បីយកមកបម្រើជាតិមាតុភូមិ។

ទោះបីរូបកាយរបស់ លោក ចាន់ ឧត្តម បានបាត់បង់ទៅមែនពិត ប៉ុន្តែអំពើជាកុសលសេចក្តីថ្លៃថ្នូរ គុណធម៌ នឹងស្ថិតនៅក្នុងក្តីចងចាំរបស់ លោក និងលោកស្រី ព្រមទាំងមិត្តភក្តិ ញាតិសន្តាន ទាំងអស់ជានិច្ចនិរន្តរ៍។»

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីនៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងសុំដួងវិញ្ញាណក្ខន្ធ លោក ចាន់ ឧត្តម បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ជាកិច្ចឆ្លេីយតប តំណាងក្រុមគ្រួសារសព លោកស្រី នង ណារុន ម្តាយរបស់លោក ចាន់ ឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចូលរួមរំលែកទុក្ខ និងចាត់មន្ត្រីចុះមកដោយផ្ទាល់ ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាជនជួបការលំបាក និងប្រជាជនរងគ្រោះដោយគ្មានការរេីសអេីងអ្វីឡេីយ។

ទន្ទឹមនឹងនេះ លោកស្រី ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញេីសាររំលែកទុក្ខ និងជួយរៀបចំពិធីបុណ្យសពឱ្យបានសមរម្យផងដែរ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner