ព្រះមហាក្សត្រកម្ពុជា ប្រទានព្រះរាជសាររំលែកទុក្ខចំពោះមរណភាពលោក ចាន់ ឧត្តម ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពងខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ប្រទានព្រះរាជសាររំលែកទុក្ខ ចំពោះមរណភាពលោក ចាន់ ឧត្តម ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ។ នេះបើយោងតាមព្រះរាជសារដែលទួលបាននាល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ។

ក្នុងព្រះរាជសាររំលែកទុក្ខនេះ ព្រះមហាក្សត្រ មានព្រះរាជបន្ទូលដូច្នេះថា «ខ្ញុំមានសេចក្ដីសោកស្ដាយជាពន់ពេក ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា លោក ចាន់ ឧត្តម ដែលត្រូវជាកូនប្រុសបង្កើតរបស់ លោក លោកស្រី និងជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង បានទទួលមរណភាព ក្នុងអាយុ ២៤ឆ្នាំ ដោយសារហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ព អ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលលោកកំពុង ស្នាក់នៅ និងបន្តការសិក្សានៅប្រទេសអ៊ីស្រាអែល ។

ខ្ញុំសូមសម្តែងនូវសេចក្ដីសោកស្តាយ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយ លោក លោកស្រី និងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់លោក ចាន់ ឧត្តម ដែលជាការបាត់បង់ នូវធនធាននិស្សិតផ្នែកកសិកម្មមួយរូប ដើម្បីនាំយកនូវចំណេះដឹងមកចូលរួមបម្រើជាតិ មាតុភូមិ ។ ខ្ញុំសូមវិញ្ញាណក្ខន្ធលោក ចាន់ ឧត្តម អញ្ជើញទៅកាន់សុគតិភពកុំបីខាន ។ សូម លោក និងលោកស្រីទទួលនូវសេចក្តីរាប់អាន អំពីខ្ញុំ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner