សម្តេចតេជោ ហ៊ុន សែន អំពាវនាវភាគីក្នុងជម្លោះនៅអ៊ីស្រាអែល សូមជ្រើសរើសការសន្ទនា ដើម្បីបញ្ចប់សង្រ្គាម និងសុំឲ្យក្រុមហាម៉ាស់ ដោះលែងចំណាប់ខ្មាំង

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ាថតខ្សែភាពយន្តភាគ រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាកក្សត្រ បានថ្លែងថា «ខ្ញុំកំពុងគិតថា ការវាយបករបស់អ៊ីស្រាអែល ទៅលើក្រុមហាម៉ាស់លើកនេះ មិនមែនគ្រាន់តែតំបន់ហ្គាហ្សាទេ តែរឿងនោះ យើងមិនទាន់បញ្ចេញមតិណាមួយទាក់ទងទៅនឹងកិច្ចការបរទេសនេះទេ អ្វីដែលយើងចង់បានសុំឱ្យភាគីទាំងអស់អត់ធ្មត់ ស្វែងរកដោះស្រាយតាមរយៈ នៃការសន្ទនា»។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា «ខ្ញុំសូមអំពាវនាវចំពោះក្រុមហាម៉ាស់ សុំឱ្យដោះលែងចំណាប់ខ្មាំង ដែលបានចាប់ ក្នុងនោះក៏មានពលរដ្ឋថៃចំនួនជាង ១០នាក់ផងដែរ»។ សម្តេចតេជោ ក៏បានទាមទារទៅកាន់ក្រុមហាម៉ាស់ថា មិនមានផលប្រយោជន៍សម្រាប់អ្នកទេ ប្រសិនបើអ្នកចាប់ជំរិត ចាប់ជាចំណាប់ខ្មាំងយកទៅសម្លាប់ ឬធ្វើបាប គ្មានប្រយោជន៍ទេ ។ សម្ដេចមើលឃើញថា «សង្គ្រាមនេះ អាចអ៊ីស្រាអែល ទៅត្រួតត្រាតំបន់ហ្គាហ្សាឡើងវិញ ហើយអាចនឹងឈានទៅដល់ការវ៉ៃទៅលើទឹកដីលីបង់ ដើម្បីបំផ្លាញចោលមូលដ្ឋានផងដែរ ។

សូមជម្រាបថា ក្រោយទទួលបានដំណឹងពីករណីមរណភាពរបស់និស្សិត ចាន់ ឧត្តម ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលលោកកំពុងស្នាក់នៅ និងបន្តការសិក្សានៅប្រទេសអ៊ីស្រាអែល សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខជូនគ្រួសារយុវជន ចាន់ ឧត្តម ដែលបានទទួលមរណភាពដោយសារការប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស នៅប្រទេសអ៊ីស្រាអែល ។

ក្នុងសារលិខិតរំលែកមរណទុក្ខ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានក្តីរំជួលចិត្តឥតឧបមានិងការ សោកស្តាយជាពន់ពេក ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា លោក ចាន់ ឧត្តម ដែលជាកូន បង្កើតរបស់លោក លោកសី និងជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) បានទទួល មរណភាពដោយសារហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងជន្មាយុ ២៤ឆ្នាំ ក្នុងអំឡុងពេលលោកកំពុងស្នាក់នៅនិងបន្តការសិក្សា នៅប្រទេសអ៊ីស្រាអែល។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏មហាក្រៀមក្រំនេះ ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខប្រកប ដោយក្តីសង្វេគ សោកស្តាយ ស្រណោះ អាឡោះអាល័យជាទីបំផុតជាមួយលោក លោកស្រី និង ក្រុមគ្រួសារនៃសព ចំពោះការបាត់បង់លោក ចាន់ ឧត្តម ដែលជាការបាត់បង់នូវធនធានមនុស្ស មួយរូបដែលបានកំពុងបំពេញបេសកកម្មបន្តការសិក្សា ដើម្បីបង្កើនកម្រិតសមត្ថភាពយកមកបំរើ ប្រទេសជាតិ ។

ជាមួយគ្នានេះដែរ ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក ចាន់ ឧត្តម សូមឆាប់ បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមលោក លោកស្រី ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំពីខ្ញុំ ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner