អតីតនាយករដ្ឋមន្ត្រីកម្ពុជា លើកយោបល់ទៅកាន់រាជរដ្ឋាភិបាល កុំទាន់ឱ្យនិស្សិតខ្លួនចាកចោលប្រជាជនអ៊ីស្រាអែល ប្រសិនបើអ៊ីស្រាអែល មិនប្រកាសឱ្យជម្លៀសជនបរទេសចេញទេ

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទបញ្ចប់កញ្ចក់ កាមេរ៉ាថតខ្សែភាពយន្តភាគ រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកជាយោបល់ទៅកាន់រាជរដ្ឋាភិបាល ថា ប្រសិនបើរដ្ឋាភិបាលអ៊ីស្រាអែល មិនប្រកាសឱ្យជម្លៀសជនបរទេសចេញពីប្រទេសខ្លួននោះទេ កម្ពុជា គួរកុំទាន់ឱ្យនិស្សិតខ្លួនចាកចោលប្រជាជនអ៊ីស្រាអែលឡើយ ប៉ុន្តែប្រសិនបើមានការសម្រេចឱ្យជម្លៀសជនបរទេសចេញពេលណានោះ កម្ពុជា ក៏មិនរុញរាក្នុងការជួលយន្តហោះពិសេស ចេញទៅដឹកប្រជាពលរដ្ឋខ្លួនមកវិញដែរ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានរំឭកនូវព្រឹត្តិការណ៍កាលពីឆ្នាំ២០១៣-២០១៤ នៅប្រទេសកូរ៉េខាងត្បូង ដែលកាលណោះ រងការគំរាមកំហែងផ្លោងគ្រាប់មីស៊ីល ពីសំណាក់កូរ៉េខាងជើង ខណៈដែលពលករ និងនិស្សិតកម្ពុជារាប់ម៉ឺននាក់កំពុងស្នាក់នៅកូរ៉េខាងត្បូង ប៉ុន្តែសម្ដេចតេជោ ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជានាពេលនោះ ពុំមានជំហរឱ្យប្រជាពលរដ្ឋកម្ពុជា ចាកចោលប្រជាពលរដ្ឋកូរ៉េខាងត្បូងនោះឡើយ។ ដូចគ្នានេះដែរ នៅពេលផ្ទុះការរាតត្បាតជំងឺកូវីដ១៩ ដំបូងៗនៅប្រទេសចិន នាដើមឆ្នាំ២០២០ ប្រទេសមួយចំនួនបានយកយន្តហោះទៅដឹកប្រជាពលរដ្ឋរបស់ខ្លួនចេញពីប្រទេសចិន ប៉ុន្តែសម្រាប់សម្ដេច វិញ គឺបានទៅដល់ប្រទេសចិន ដើម្បីជូនសារអំពីសាមគ្គីភាពជាមួយប្រជាជនចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ព្រមទាំងបានជូនសារទៅនិស្សិតកម្ពុជា សូមឱ្យបន្តនៅជាមួយប្រជាជនចិនក្នុងកាលៈទេសៈដ៏លំបាក។

ទាក់ទងនឹងព្រឹត្តិការណ៍នៅប្រទេសអ៊ីស្រាអែលនាពេលថ្មីៗនេះ សម្ដេចតេជោអតីនាយករដ្ឋមន្ត្រី បានផ្ដល់ជាយោបល់ដល់រាជរដ្ឋាភិបាល ក៏ដូចជាសម្ដេចធិបតីនាយកដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា «ក្នុងករណីដែលរដ្ឋាភិបាលអ៊ីស្រាអែល ចាំបាច់ត្រូវតែជម្លៀសប្រជាពលរដ្ឋកម្ពុជាចេញ យើងកុំខ្លាចជាមួយនឹងការចំណាយពេលប្រាក់កាក់ជួលយន្តហោះពិសេស ទៅដឹកនិស្សិតរបស់យើងជាង ៤០០នាក់ចេញពីប្រទេសអ៊ីស្រាអែល ប៉ុន្តែខ្ញុំមិនជឿថា អ៊ីស្រាអែលនឹងមានសំណូមពរបែបនេះចំពោះកម្ពុជាយើងនោះទេ»។

គួរជម្រាបថា និស្សិតកម្ពុជាប្រមាណជាង ៤០០នាក់កំពុងសិក្សានៅប្រទេសអ៊ីស្រាអែល។ នៅថ្ងៃទី៧ ខែតុលា ថ្មីៗនេះ តំបន់ហ្កាហ្សា ដែលនៅជាប់ដែនដីអ៊ីស្រាអែល ត្រូវបានវាយប្រហារដោយគ្រាប់មីស៊ីលពីក្រុមហាម៉ាស ក្នុងនោះបានសម្លាប់មនុស្សអស់ខ្ទង់រយនាក់ មានទាំងនិស្សិតកម្ពុជាមួយរូបដែរឈ្មោះ ចាន់ ឧត្តម ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចម្ការដូង)។ សង្គ្រាមរវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាសនេះ នៅតែបន្តផ្ទុះឡើង និងកាន់តែរីកធំឡើងៗ។

ជុំវិញព្រឹត្តិការណ៍ដ៏ព្រួយបារម្ភនេះ ប្រទេសមួយចំនួនបានត្រៀមយន្តហោះទៅដឹកជញ្ជូននិស្សិតនិងពលកររបស់ខ្លួនចេញពីប្រទេសអ៊ីស្រាអែល ប៉ុន្តែសម្រាប់កម្ពុជា គឺមិនមានជំហរបែបនោះឡើយ។ យ៉ាងណាសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមន្ត្រីរាជការពាក់ព័ន្ធបានតាមដានពីស្ថានការណ៍ និងសុវត្ថិភាពរបស់និស្សិតកម្ពុជាជាង ៤០០នាក់យ៉ាងយកចិត្តទុកដាក់ ទាំងថ្ងៃ ទាំងយប់ ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ឥឡូវនេះ នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីកសិកម្ម រដ្ឋមន្ត្រីអប់រំ និងអ្នកពាក់ព័ន្ធជាច្រើនទៀតកំពុងតាមដានជាប់លើសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជានៅប្រទេសអ៊ីស្រាអែល ប្រសិនបើរដ្ឋាភិបាលអ៊ីស្រាអែល ពុំមានការឱ្យជម្លៀសជនបរទេសចេញពីប្រទេសរបស់ខ្លួនទេ ពលរដ្ឋកម្ពុជា ក៏កុំចាកចេញចោលប្រជាជនអ៊ីស្រាអែល ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner