សម្ដេចតេជោ ហ៊ុន សែន៖ ក្នុងតួនាទីជាប្រធានបក្សកាន់អំណាច សម្ដេច ក៏នៅតែមានឥទ្ធិពលនយោបាយ ទាំងក្នុងនិងក្រៅប្រទេស
ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ាថតខ្សែភាពយន្តភាគ រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា, ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងថា ក្នុងឋានៈសម្តេចជាក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានគណបក្សកាន់អំណាច សម្តេចនៅតែមានសិទ្ធិបញ្ចេញយោបល់ទៅលើបញ្ហានយោបាយទាំងក្នុងប្រទេស និងក្រៅប្រទេស ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ដូច្នេះ ក្រោយមានក្រុមអ្នកនយោបាយប្រឆាំង ព្រមទាំងអ្នកវិភាគដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដោយបានវិភាគវាយប្រហារ និងចោទប្រកាន់មក សម្តេចតេជោ ហ៊ុន សែន ថា ជាអ្នកបញ្ជាពីក្រោយខ្នង និងលុកលាន់លើកិច្ចនយោបាយរបស់កម្ពុជា ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ មេបក្សកាន់អំណាច នៅតែមានអំណោច អញ្ចឹងសូមផ្តាំទៅ បើថាល្ងង់ណាស់ បង្រៀនបន្តិចទៅចុះ។ ក្នុងឋានៈខ្ញុំជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប៉ុន្តែក្នុងតួនាទីជាប្រធានគណបក្សកាន់អំណាច ខ្ញុំនៅតែមានសិទ្ធិបញ្ចេញយោបល់ទៅលើបញ្ហានយោបាយទាំងក្នុងប្រទេស និងក្រៅប្រទេស ។
សម្តេច ថា សម្តេចមិនមានសិទ្ធិបញ្ជាកម្លាំងជំនួសឱ្យនាយករដ្ឋមន្ត្រីនោះទេ ម៉ោងនេះ ពេលនេះ មានតែនាយករដ្ឋមន្ត្រីទេ ដែលមានសិទ្ធិបញ្ជាកម្លាំង ក៏ប៉ុន្តែ សម្តេចមានសិទ្ធិត្រួតត្រាលើកិច្ចការនយោបាយ។ សម្ដេចបញ្ជាក់ថា «ខ្ញុំមិនមានសិទ្ធិចុះហត្ថលេខា ឬបញ្ជាកម្លាំងលើស្ថាប័ននីតិប្រតិបត្តិទេ» ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្តេចបានប្រែក្លាយពីក្មេងវត្ត ទៅជារដ្ឋមន្ត្រីការបរទេស ហើយទៅជានាយករដ្ឋមន្ត្រី ដែលមានរយៈពេលជាង៤៤ឆ្នាំ។ បច្ចុប្បន្ននេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រែក្លាយពីកូនក្បត់អង្គការ ទៅជានាយករដ្ឋមន្ត្រីរបស់កម្ពុជា។ សម្តេច ក៏បានផ្តាំទៅក្រុមអ្នកប្រឆាំង និងតែងតែវាយប្រហារមកលើសម្តេច ព្រមទាំងក្រុមគ្រួសារថា សូមអ្នកឯងត្រូវចាំថា បើមិនជឿ កុំប្រមាថ ទំនាយអ្នកឯងមិនដល់ ព្រហ្មលិខិតចារមកមិនដល់អ្នកឯងគ្មានសំណាងនឹងធ្វើជានាយករដ្ឋមន្ត្រីនោះទេ។
សម្តេចតេជោ បានបន្តថា សម្តេចមិនដែលនឹងឃើញបានឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រីរបស់កម្ពុជានោះទេ ពីព្រោះកាលណោះ ជីវិតរបស់សម្តេចមានភាពផុយស្រួយណាស់ មិនមែនរត់គេចពីការបាញ់ប្រហារទេ ក៏ប៉ុន្តែដើរចូលឱ្យគេបាញ់តែម្តង ៕
ដោយ វណ្ណលុក
